ក្រុមហ៊ុន​ស្រាបៀរ​ខ្នាតយក្សថៃមួយ គ្រោងបោះទុនជាង ១៤លានដុល្លារ សង់រោងចក្រថ្មី នៅមីយ៉ាន់ម៉ា

អន្តរជាតិ

យោងតាមការចុះផ្សាយពីកាសែត Bangkok Post បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន Fraser & Neave (F&N) ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនមេ Thai Beverage Plc គ្រោងពង្រីកអាជីវកម្មស្រាបៀររបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ក្រុមហ៊ុន F&N គ្រោងនឹងបោះទុនវិនិយោគទឹកប្រាក់ប្រមាណ ៤៩៥លានបាត (១៤,៣លានដុល្លារ) នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីសង់រោងចក្រផលិតស្រាបៀរថ្មីមួយ តាមរយ:ការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក Win Brothers ។

គួរឱ្យដឹងថា F&N ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ThaiBev ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនថ្មីៗរបស់មហាសេដ្ឋីថៃ លោក Charoen Sirivadhanabhakdi នោះ បានបង្កើតអាជីវកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ារួចទៅហើយ ដោយការផលិតស្រាបៀរដ៏ល្បីល្បាញ Chang ។​

ប៉ុន្តែយ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចំពោះផែនការវិនិយោគថ្មីនេះ ក្រុមហ៊ុនខាងលើបាននិយាយថា រោងចក្រផលិតស្រាបៀថ្មីរបស់ខ្លួនមួយផ្សេងទៀត នឹងត្រូវសាងសង់លើផ្ទៃដីទំហំ ៣៥ ហិចតា នៅក្នុងកិច្ចសន្យាជួលរយ:ពេល ៥០ឆ្នាំ ប៉ុន្តែចំពោះឈ្មោះស្រាបៀរថ្មី និងទីតាំងរោងចក្រ នៅមិនទាន់ត្រូវបានបញ្ជាក់ឱ្យដឹងនៅឡើយទេ ។

ជម្រាបជូនផងដែរថា F&N បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារួមគ្នាមួយ ឈ្មោះថា Sapphire Brewery Myanmar Ltd (SBML) ជាមួយក្រុមហ៊ុន Win Brothers កាលពីក្នុងខែមីនា។ ដោយក្នុងនោះ F&N កាន់កាប់ភាគហ៊ុន ៨០% ហើយ Win Brothers កាន់កាប់ភាគហ៊ុនដែលនៅសល់៕