ក្រុមហ៊ុនឧស្សាហកម្មផលិតស៊ីម៉ង់ត៍ធំបំផុតរបស់ប្រទេសថៃ Siam Cement Group (SCG) បានរំពឹងថាប្រាក់ចំណូលរបស់ខ្លួន នឹងខុសពីទិសដៅដែលបានរំពឹងទុកនៅឆ្នាំនេះ ពោលគឺនឹងទទួលបានតិចជាងឆ្នាំទៅ ដោយសារមូលហេតុនៃក្រុមហ៊ុនកំពុងជួបនូវវិបត្តិនៃការធ្លាក់ចុះបរិមាណនៃការលក់ និងផលប៉ះពាល់នូវបញ្ហាផ្នែកនយោបាយនៅក្នុងស្រុក ។

បើតាមការចុះផ្សាយពីសារព័ត៌មាន BangkokPost ដោយបានស្រង់សំដីរបស់នាយកប្រតិបត្តិក្រុមហ៊ុន SCG លោក Roongrote Rangsiyopash ដែលបាននិយាយថា “SCG ទំនងជាមិនសម្រេចគោលដៅប្រាក់ចំណូលនៅឆ្នាំនេះនោះទេ ដោយលោកបានបន្តថា វាជាឆ្នាំមួយដ៏លំបាកសម្រាប់អាជីវកម្មរបស់យើង នេះក៏ដោយសារបញ្ហាសេដ្ឋកិច្ចនៅទីផ្សារក្នុងស្រុក និងក្រៅប្រទេសមិនសូវជាល្អដូចគ្នា” ។

មួយវិញទៀត លោកក៏បានសន្មតដែរថា ការថយចុះនៃប្រាក់ចំណូលក្នុងឆ្នាំ ២០២៣នេះ គឺជាការធ្លាក់ចុះនៃបរិមាណនៃការលក់ និងភាពមិនប្រាកដប្រជាផ្នែកនយោបាយ ។
ដោយឡែកនៅក្នុងឆ្នាំ២០២៣ នៃឆមាសទីមួយ SCG បានខាតបង់ប្រាក់ចំណូលរបស់ខ្លួនដោយធ្លាក់ចុះប្រមាណ ១៧% ឬស្មើរនិង ២៥៣,៣ ពាន់លានបាត ពីមួយឆ្នាំទៅមួយឆ្នាំ ។
រំលឹកបន្តិចថា កាលពីដើមឆ្នាំកន្លងទៅ ក្រុមហ៊ុនបានកំណត់គោលដៅនៃកំណើនប្រមាណ ១០% ពី ៥៦៩,៦ពាន់លានបាតនូវប្រាក់ដែលខ្លួនរកបានកាលពីឆ្នាំមុន៕