បន្ទាប់ពីបើកច្រកព្រំដែននៅខែមីនា កាលពីឆ្នាំមុននៃការបិទខ្ទប់ជំងឺកូវីដ ១៩ រួចមក កំណើនភ្ញៀវទេសចរវៀតណាមហាក់មានការកើនឡើងគួរអោយកត់សំគាល់នៅក្នុងខែកក្កដានេះ ដោយវៀតណាមទទួលបានភ្ញៀវទេសចរប្រមាណ ១,០៤លាននាក់ឯណោះ ។ ទិន្នន័យនេះទទួលបានពីបណ្តាញសារព័ត៌មាន VNExpress ។
បើយោងតាមរដ្ឋបាលទេសចរណ៍ជាតិវៀតណាមបានលើកឡើងថា មកទល់នឹងពេលនេះមានភ្ញៀវបរទេសចំនួន ៦,៦លាននាក់រួចមកហើយដែលបានមកដល់ប្រទេសខ្លួន ដែលចំនួននេះសមមូលទៅនឹង ៨៣% នៃគោលដៅកំណើនភ្ញៀវទេសចរ ដែលរំពឹងទទួលបាន ៨លាននាក់នៅក្នុងរយៈពេលមួយឆ្នាំពេញនេះ។
ជាមួយគ្នានោះ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរជនជាតិកូរ៉េខាងត្បូងប្រមាណ ១,៩លាននាក់ ឬស្មើរនឹង ២៩%ដោយឈរលើកំពូលតារាង ខណៈចិនបានតាមពីក្រោយនៃស្ថិតិនេះដោយមានចំនួន ៧៣៨,០០០នាក់ ស្របពេលអាមេរិកមានប្រមាណ ៤៤៥,០០០នាក់ ។
ជម្រាបផងដែរថា បើតាមទិន្នន័យដែលបានមកពី Agoda បានបង្ហាញនូវកំណើនការកក់របស់ភ្ញៀវទេសចរមកពីទ្វីបអឺរ៉ុប ក៏ដូចជាអាមេរិកផងដែរនោះ បានសម្រុកមកកាន់ប្រទេសវៀតណាម ក្រោយពីរដ្ឋាភិបាលវៀតណាមបានពន្យាសុពលភាពទិដ្ឋាការចំនួន ៩០ថ្ងៃបន្ថែមទៀត និងអនុញ្ញាតអោយជនបរទេសអាចចូលបានច្រើនជាងមុន៕