ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Yasutoshi Nishimura បាននិយាយថា ប្រទេសជប៉ុន នឹងបន្តពង្រីកវិសាសភាពជុំវិញការហាមឃាត់របស់ខ្លួន ទៅលើការនាំចេញរថយន្តទៅកាន់ប្រទេសរុស្ស៊ី ដោយនឹងរួមបញ្ជូលទាំងរថយន្តជជុះផងដែរ ហើយវានឹងចាប់ផ្តើមចូលជាធរមាននៅថ្ងៃទី ៩ ខែសីហា ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
ទំនិញប្រហែល ៧៥០ ប្រភេទផ្សេងទៀត ក៏នឹងត្រូវដាក់ចូលទៅក្នុងបញ្ជីហាមឃាត់របស់ជប៉ុន ក្នុងការនាំចេញទៅកាន់ប្រទេសរុស្ស៊ី ផងដែរ ដែលផ្នែកមួយនៃទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីបន្តដាក់សម្ពាធទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញការបង្ករសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។
គួរឱ្យដឹងថាចំពោះទំនិញថ្មី រួមមានរថយន្តប្រភេទសាំង និងម៉ាស៊ូត ដែលមានកម្លាំងម៉ាស៊ីន ចាប់ពី ១ ៩០០ CC ព្រមទាំងរថយន្តប្រភេទ Hybrid , plug-in hybrid និងរថយន្តអគ្គិសនីគ្រប់ប្រភេទផងដែរ។ ខណ:ពេលដែលប្រទេសជប៉ុន កន្លងមកបានធ្វើការហាមឃាត់ការនាំចេញរថយន្តប្រណីតរបស់ខ្លួនរួចមកហើយ។
ជម្រាបជូនផងដែរថា បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភ:ឆ្នាំមុនមក ការនាំចេញរថយន្តជជុះ ទៅកាន់រុស្ស៊ី ពីប្រទេសជប៉ុន បានកើនឡើងខ្លាំង នៅពេលដែលក្រុមហ៊ុនផលិតរថយន្ត បានរឹតបន្តឹងលើការនាំចេញរថយន្តថ្មីៗរបស់ខ្លួន។ ហើយចំពោះការហាមឃាត់ចុងក្រោយនេះ ជប៉ុន នឹងបន្ថែមវិសាលភាពចំពោះការនាំចេញរថយន្តដែលប្រើប្រាស់ហើយភាគច្រើន ទៅកាន់រុស្ស៊ី លើកលែងតែម៉ូដែលតូចៗមួយចំនួនប៉ុណ្ណោះ៕