ប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃច័ន្ទថា សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចស្រេច សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសហ្វីលីពីន ជុំវិញបញ្ហាសន្តិសុខដែនសមុទ្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kelo។

ប្រភពដដែលបន្ថែមថា ប្រធានគណៈកម្មាការអឺរ៉ុប បានជួបពិភាក្សាការងារជាមួយនឹងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. នៅទីក្រុងម៉ានីឡា។

“ពួកយើងបានត្រៀមខ្លួន ក្នុងការរឹតចំណងលើកិច្ចសហប្រតិបត្តិការជាមួយនឹងហ្វីលីពីន លើការរឹតបន្តឹងសុវត្ថិភាពសន្តិសុខដែនសមុទ្រក្នុងតំបន់ ដោយការចែករំលែកព័ត៌មាន ធ្វើការវាយតម្លៃការគំរាមកំហែង និងការកសាងសមត្ថភាពឆ្មាំឆ្នេរសមុទ្រ”។ នេះបើតាមការនិយាយរបស់លោកស្រី Leyen ទៅកាន់មេដឹកនាំហ្វីលីពីន។
សូមជម្រាបដែរថា ក្រៅពីកិច្ចសហប្រតិបត្តិការលើបញ្ហាដែនសមុទ្រ មេដឹកនាំទាំង ២នេះ ក៏បានជជែកគ្នាជាថ្មី អំពីការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងប្រទេសនៅអាស៊ានមួយនេះ ទាក់ទងនឹងការនាំចេញថាមពលផងដែរ៕