ក្រុមហ៊ុនយក្សជប៉ុន Toyota បានប្រកាសថា នឹងដាក់ផែនការថ្មី ផ្ដោតសំខាន់លើការអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តអគ្គិសនីនៅប្រទេសចិន ដើម្បីបង្កើនការប្រកួតប្រជែងជាមួយក្រុមហ៊ុនក្នុងស្រុក។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា សេចក្ដីប្រកាសមួយនេះ ធ្វើឡើងក្រោយក្រុមហ៊ុនលក់រថយន្តច្រើនបំផុតលើលោក បង្ហាញមហិច្ឆតាថ្មីលើវិស័យរថយន្តអគ្គិសនី ដោយបានបង្អួតពីខ្សែសង្វាក់ផ្គត់ផ្គង់មិនចេះខ្វះ និងបច្ចេកវិទ្យាអាគុយរថយន្តរយៈពេលយូរ។

គួររំលឹកដែរថា បច្ចុប្បន្នប្រទេសចិនគឺជាទីផ្សារប្រកួតប្រជែងធំបំផុត សម្រាប់វិស័យរថយន្តអគ្គិសនី ជាពិសេសក្រុមហ៊ុនបរទេសជាច្រើន កំពុងសម្រុកមកបណ្ដាក់ទុន ដោយសារមើលឃើញពីការងើបឡើងយ៉ាងលឿន របស់ក្រុមហ៊ុនចិនជាច្រើនដែលរកស៊ីលើវិស័យមួយនេះ។
សូមជម្រាបបន្ថែមថា ក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនបង្ហើបថា ពួកគេនឹងព្យាយាមកាត់បន្ថយថ្លៃដើមផលិត បន្តអភិវឌ្ឍន៍បន្ថែមលើរោងចក្រដែលមានស្រាប់នៅចិន ដើម្បីបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងជាងមុន៕