ក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់អេឡិចត្រូនិក ដែលមានម៉ាកយីហោដ៏ល្បីល្បាញឈរលើឆាកអន្តរជាតិ គឺក្រុមហ៊ុន Panasonic Holdings របស់ជប៉ុន បានប្រកាសពីទិន្នន័យនៃប្រាក់ចំណេញរបស់ខ្លួនកើនឡើង ៤២% នៅត្រឹមត្រីមាសទីមួយ នៃឆ្នាំ ២០២៣នេះ។
ជាមួយគ្នានោះ ក្រុមហ៊ុននេះ បាននិយាយថា ប្រាក់ចំណេញក្នុងរយៈពេល ៣ខែ របស់ខ្លួនបានកើនដល់ ៩០,៣៧ពាន់លានយ៉េន ឬស្មើនឹងប្រមាណ ៦៣៧លានដុល្លារអាមេរិក។ នេះបើតាមការរាយការណ៍ពី Reuter។
បន្ថែមពីនោះ Panasonic Energy និង Subaru បាននិយាយថា ពួកគេបានចាប់ផ្តើមកិច្ចពិភាក្សាដើម្បីបង្កើតភាពជាដៃគូផ្គត់ផ្គង់សម្រាប់រថយន្តអគ្គិសនី ដើម្បីបម្រើដល់ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនផងដែរ។
រំលឹកដែរថា កាលពីខែមុននេះ ប្រធានបច្ចេកវិទ្យាផ្នែកផលិតថ្មរបស់ក្រុមហ៊ុន Panasonic បាននិយាយថា ក្រុមហ៊ុននឹងសាងសង់រោងចក្រចំនួន ៤ បន្ថែមទៀត ដើម្បីសំរេចបាននូវគោលដៅក្នុងការជំរុញសមត្ថភាពផលិតថ្ម EV ប្រចាំឆ្នាំ អោយបានតាមគោលដៅនៅឆ្នាំ ២០៣១ខាងមុខ៕