ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិគឺ អង្គការ UNESCO បានប្រកាសកាលពីថ្ងៃច័ន្ទ ទី ៣១ ខែកក្កដាកន្លងទៅថា ទីក្រុង Venice របស់ប្រទេសអ៊ីតាលី គួរតែត្រូវបានដាក់ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ ដែលទទួលរងការគម្រាមកំហែង។

UNESCO បានបញ្ជាក់នៅក្នុងលិខិតសំណូមពរថា ទីក្រុង Venice កំពុងប្រឈមនឹងការខូចខាតធ្ងន់ធ្ងរ ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ និងកំណើនភ្ញៀវទេសចរណ៍ដែលសម្រុកមកលេងនៅទីនោះខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ប្រភពខាងដើមបានបន្ថែមទៀតថា លិខិតសំណូមពររបស់ UNESCO នឹងត្រូវយកមកពិនិត្យ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO នៅទីក្រុងរីយ៉ាដក្នុងខែកញ្ញា ដើម្បីទទួលបានការអនុម័ត។
សូមជម្រាបដែរថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO មានកាតព្វកិច្ចគ្រប់គ្រងលើការផ្តល់ស្លាកបេតិកភណ្ឌពិភពលោក ទៅកាន់កន្លែងនានាជុំវិញពិភពលោក នឹងត្រូវបើកកិច្ចប្រជុំនៅទីក្រុងរីយ៉ាដ ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៥ ខែកញ្ញា ខណៈគិតមកទល់ពេលនេះមានការសំណូមពររហូតដល់ ៥៣កន្លែង ក្នុងការចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕