កាលពីថ្ងៃទី ៣១ ខែកក្កដាកន្លងទៅនេះ ប្រទេសហ្វីលីពីន និងសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នា ធ្វើឱ្យពាណិជ្ជកម្មរវាងភាគីទាំងពីរដំណើរការឡើងវិញ និងថែមទាំងបានចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយគ្នាឡើងវិញ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
ចំពោះការឯកភាពគ្នានេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីមានជំនួបរវាងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr និងប្រធានគណ:កម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងទីក្រុងម៉ានីល។
យ៉ាងណាមិញ នៅក្នុងនាមជាប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប នេះជាលើកដំបូងហើយ ដែលលោកស្រី Von der Leyen ធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលជិតប្រាំមួយទសវត្សរ៍មកនេះ។ ហើយលោកស្រី បាននិយាយទៀតថា ដំណើរទស្សនកិច្ចនេះ គឺជាសញ្ញាបង្កើនល្បឿននៃកិច្ចសហប្រតិបត្តិការថ្មីរវាង EU និងហ្វីលីពីន ដោយប្តេជ្ញានាំយកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ទៅកាន់កម្រិតខ្ពស់មួយផ្សេងទៀត។
ដោយឡែកសម្រាប់លោក Marcos វិញ បាននិយាយថា លោកបានពិភាក្សាជាមួយប្រធានទំនាក់ទំងសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ដោយផ្តោតជាពិសេសលើការធ្វើឱ្យពាណិជ្ជកម្មរវាងភាគីទាំងពីរមានភាពរស់រវើកឡើងវិញ។
ជម្រាបជូនផងដែរថា កិច្ចចរចាពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ មកម្លេះ នៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Benigno Aquino ប៉ុន្តែវាត្រូវបានជាប់គាំង នៅក្រោមការគ្រប់គ្រងរបស់អ្នកកាន់តំណែងពីមុន គឺលោក Rodrigo Duterte ដោយសារតែភាពតានតឹងរវាងប្រទេសហ្វីលីពីន និងប្រទេសលោកខាងលិច ទាក់ទងនឹង “សង្រ្គាមគ្រឿងញៀន” ដែលធ្វើឡើងដោយ លោក Duterte ផ្ទាល់៕