តម្លៃផ្ទះថ្មីក្នុងប្រទេសចិន បន្តធ្លាក់ចុះរយ:ពេលបីខែជាប់ៗគ្នា គិតត្រឹមខែកក្កដា

អន្តរជាតិ

យោងតាមការស្ទង់មតិឯកជនមួយ បានបង្ហាញនៅថ្ងៃអង្គារនេះថា តម្លៃផ្ទះថ្មីជាមធ្យម នៅក្នុងទីក្រុងចំនួន ១០០ របស់ប្រទេសចិន បានបន្តធ្លាក់ចុះរយ:ពេលបីខែជាប់ៗគ្នា គិតត្រឹមខែកក្កដា នៅពេលដែលវិធានការចំនួនបន្ថែមទៀត ត្រូវបានគេរំពឹងថានឹងបន្តដាក់ចេញ នៅក្នុងទីក្រុងធំៗ ដើម្បីលើកស្ទួយវិស័យអចលនទ្រព្យ ដែលមានវិបត្តិរបស់ប្រទេសនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃផ្ទះថ្មីជាមធ្យមបានធ្លាក់ចុះ ០,០១% នៅក្នុងខែកក្កដា ពោលគឺដូចទៅនឹងការធ្លាក់កាលពីខែមិថុនា និងឧសភា ផងដែរ។ ហើយមានតែទីក្រុងចំនួន ៣៥ ប៉ុណ្ណោះ ក្នុងចំណោម ១០០ ដែលសង្កេតឃើញមានការកើនឡើងតម្លៃផ្ទះថ្មី។ នេះបើតាមកាករស្ទង់មតិដោយ China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យកំពូលរបស់ចិន។

យ៉ាងណាមិញ ចំពោះការលក់ផ្ទះថ្មី ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យកំពូលៗទាំង ១០០ នៅទូទាំងប្រទេសក៏បានធ្លាក់ចុះ ៣៤,១% ផងដែរ នៅក្នុងខែកក្កដា។ នេះបើតាមការសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ពីក្រុមហ៊ុនស្រាវជ្រាវខាងលើ។

ជម្រាបជូនផងដែរថា វិស័យអចលនទ្រព្យរបស់ចិន បានជួបប្រទះជាមួយនឹងវិបត្តិធ្ងន់ធ្ងរបំផុតមួយ ដោយបានមើលឃើញក្រុមហ៊ុនអភិវឌ្ឍធំៗ ធ្លាក់ចូលទៅក្នុងវិបត្តិបំណុល ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ខណ:ថ្នាក់ដឹកនាំរបស់ចិន បានបង្ហាញក្នុងកិច្ចប្រជុំការិយាល័យនយោបាយ នាពេលថ្មីៗនេះ ដោយសន្យាថា នឹងព្យាយាមកែសម្រួល និងបង្កើនប្រសិទ្ធភាពគោលនយោបាយ ក្នុងលក្ខណ:ទាន់ពេលវេលា ដើម្បីជួយលើកកម្ពស់វិស័យនេះឡើងវិញ ៕