ក្រុមហ៊ុនផលិតរថយន្តចិន BYD កំពុងប្រឈមនឹងការស៊ើបអង្កេតពីរដ្ឋាភិបាលឥណ្ឌា ជុំវិញការចោទប្រកាន់ថា ពួកគេបានបង់ពន្ធតិចពេក លើទំនិញនាំចូលសម្រាប់ផលិតរថយន្ត និងលក់នៅប្រទេសឥណ្ឌា។
បើតាមការឲ្យដឹងពីអគ្គនាយកដ្ឋានស៊ើបការណ៍ចំណូលឥណ្ឌា ហៅកាត់ DRI បានចោទប្រកាន់ ក្រុមហ៊ុនផលិតរថយន្តធំបំផុតនៅចិនថា ទឹកប្រាក់ដែលក្រុមហ៊ុន BYD ត្រូវបង់ពន្ធជូនប្រទេសឥណ្ឌា នៅខ្វះប្រហែល ៧៣០លានរូពី ឬប្រហែល ៩លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ទាក់ទងនឹងបញ្ហាមួយនេះ ទាំង BYD នៅឥណ្ឌា និងចិន មិនទាន់ចេញមុខបំភ្លឺនោះឡើយ ខណៈក្រសួងហិរញ្ញវត្ថុឥណ្ឌា ក៏មិនទាន់ឆ្លើយតបជាមួយនឹងក្រុមអ្នកសារព័ត៌មានដូចគ្នា។
គួររំលឹកដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនចិនជាច្រើនបានស្ថិតក្រោមការឃ្លាំមើលយ៉ាងជិតដិត ពីសំណាក់រដ្ឋាភិបាលឥណ្ឌា ពោលតាំងពីឆ្នាំ ២០២០ ក្រោយប្រទេសទាំង ២ មានទំនាស់ព្រំដែន ហើយក្នុងនោះក្រុមហ៊ុនចិន Xiaomi Corp រងការចោទប្រកាន់ច្រើនករណីជាងគេ៕