យោងតាមសារព័ត៌មានធំៗជាច្រើន បានបង្ហាញឱ្យដឹងថា លោក Seah Kian Peng បានស្បថចូលកាន់តំណែងជាប្រធានសភាថ្មីរបស់ប្រទេសសិង្ហបុរី ដោយនឹងត្រូវបន្តតំណែងពីលោក Tan Chuan-Jin ដែលបានលាលែង ក្រោយពីចាប់បានមានទំនាក់ទំនងស្នេហាលួចលាក់ ជាមួយសមាជិកសភាម្នាក់។
ក្រោយចូលកាន់តំណែងនេះ ប្រធានរដ្ឋសភាថ្មី បានធ្វើការសច្ចាយ៉ាងមោះមុត ថានឹងបំពេញតួនាទីរបស់លោកឱ្យបានល្អបំផុត ដោយគ្មានភាពលំអៀង ហ្មត់ចត់ យុត្តិធម៌ និងថែមទាំងទទូចឱ្យសមាជិកសភាទាំងអស់ ត្រូវរក្សានូវឥវិយាបថថ្លៃថ្នូរ ក្រោយពីមានរឿងអាស្រូវជាច្រើន កាលពីពេលថ្មីៗនេះ។
លោក Seah Kian Peng បានកើតនៅឆ្នាំ ១៩៦១ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៤ នាក់ ខណ:លោកគឺជាកូនទីបី ដែលមានឪពុកជាជាងភ្លើងនៅក្នុងរោងពុម្ព និងម្តាយជាស្រ្តីមេផ្ទះ។ លោក Seah បានសិក្សានៅក្នុងសាលារៀន Raffles Institution មុនពេលលោកទទួលបានអាហារូបករណ៍ Colombo Plan ដើម្បីបន្តការសិក្សា នៅសាកវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្រ្តាលី។
បន្ទាប់ពីបញ្ចប់ការសិក្សាជាមួយនឹងការទទួលបានសញ្ញាបត្រកិត្តិយសថ្នាក់ទីមួយ ផ្នែកសំណង់ លោក Seah បានវិលត្រលប់មកកាន់ប្រទេសិង្ហបុរីវិញ ដើម្បីបំពេញកាតព្វកិច្ចយោធា ហើយបន្ទាប់មក លោកបានចូលធ្វើការនៅក្នុងក្រុមហ៊ុន Indeco Engineers មុនពេលចូលបម្រើការក្នុងជួររដ្ឋាភិបាលរបស់សិង្ហបុរី។
ក្រោយមកទៀតលោក Seah ត្រូវបានគេបញ្ជូនទៅកាន់សមាជសហជីពជាតិ (NTUC) ដើម្បីកាន់ផ្នែកផែនការសាជីវកម្ម និងបន្តទៅកាន់ផ្នែកឱសថ នៅ NTUC Healthcare ។ បន្ទាប់មកលោក បានចាកចេញពី NTUC វិញ ដោយទៅចូលរួមជាមួយក្រុមហ៊ុនវិស្វកម្ម Sum Cheong Corporation ចន្លោះឆ្នាំ ១៩៩៤ និង ១៩៩៦។ ប៉ុន្តែលោកបានវិលត្រលប់មកកាន់ NTUC វិញ នឹងត្រូវបានតែងតាំងប្រធាន NTUC FairPrice ក្នុងឆ្នាំ ២០០១។
ចំពោះផ្នែកនយោបាយ លោក Seah ត្រូវបានជ្រើសរើសជាបេក្ខជនគណបក្សសកម្មភាពប្រជាជន (PAP) ដើម្បីតំណាងឱ្យ Marine Parade GRC នៅក្នុងការបោះឆ្នោតជាសកលឆ្នាំ ២០០៦ ហើយបន្ទាប់មកទៀតត្រូវបានជ្រើសរើសជាសមាជិកសភាសម្រាប់ Marine Parade GRC តែម្តង។ នៅក្នុងសភា លោក Seah បានបម្រើការជាអនុប្រធាន ចាប់ពីខែតុលា ឆ្នាំ ២០១១ ដល់ខែមករា ឆ្នាំ ២០១៦។
មិនតែប៉ុណ្ណោះ លោក Seah ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃ NTUC Fairprice ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២២ និងជាប្រធានគណៈកម្មាធិការសភារដ្ឋាភិបាលអភិវឌ្ឍសង្គម និងគ្រួសារ (GPC) នៅក្នុងសភាទី១៤ ផងដែរ៕