កាលពីពេលថ្មីៗនេះ គណបក្សភឿថៃ ដឹកនាំដោយកូនស្រីពៅលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា គឺអ្នកស្រី ផែថុងថាន ស៊ីណាត់វ៉ាត់ត្រា បានប្រកាសចែកផ្លូវគ្នា ជាមួយគណបក្សឆ្ពោះទៅមុខ ដឹកនាំដោយលោក ភីថា លីមចារើនរ៉ាត់ បន្ទាប់ពីបរាជ័យទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ ក្នុងការក្លាយជានាយករដ្ឋមន្ត្រីថៃ។

បន្ទាប់ពីគណបក្សឆ្ពោះទៅមុខ ដកខ្លួនចេញពីគណបក្សចម្រុះ គណបក្សភឿថៃដែលមានលទ្ធភាពបង្កើតរដ្ឋាភិបាលថ្មី ក៏បានប្រកាសពីការគាំទ្របេក្ខភាពជានាយករដ្ឋមន្ត្រីបន្ទាប់ ប៉ុន្តែបុគ្គលម្នាក់នោះមិនមែនជាកូនស្រីរបស់លោកថាក់ស៊ីនឡើយ តែជាសេដ្ឋីអចលនទ្រព្យ Srettha Thavisin ទៅវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលបន្ថែមថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ ដោយសម័យប្រជុំសភា និងព្រឹទ្ធសភា នឹងធ្វើឡើងនាថ្ងៃសុក្រ ទី០៤ ខែសីហាខាងមុខ ខណៈអនាគតនាយករដ្ឋមន្ត្រីថៃនៅតែមានភាពស្រពេចស្រពិលនៅឡើយ។
សូមជម្រាបដែរថា លោក Srettha Thavisin គឺជាអ្នកជំនួញដ៏មានឥទ្ធិពលមួយរូបប្រចាំប្រទេសថៃ និងជាសេដ្ឋីអលនទ្រព្យប្រចាំប្រទេសថែមទៀត ខណៈបេក្ខភាពនាយករដ្ឋមន្ត្រីម្នាក់នេះ ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់ របស់គណបក្សភឿថៃកាលពីខែមីនាកន្លងទៅ៕