អតីតមហាសេដ្ឋីស្រីមានបំផុតនៅអាស៊ី បរិច្ចាគទឹកប្រាក់ច្រើនជាង ៨០០លានដុល្លារ

អន្តរជាតិ

បច្ចុប្បន្ន ក្រុមមហាសេដ្ឋីចិនជាច្រើនរូបហាក់បង្កើនការប្រុងប្រយ័ត្នជាខ្លាំង ចំពោះការវិនិយោគលុយ ក៏ដូចជាប្រើប្រាស់លុយរបស់ពួកគេ អំឡុងពេល​សេដ្ឋកិច្ចរបស់​មហាអំណាចអាស៊ី ជួបប្រទះវិបត្តិអលនទ្រព្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា អតីតមហាសេដ្ឋីស្រី មានបំផុតនៅអាស៊ី Yang Huiyan បែរជាធ្វើផ្ទុយស្រឡះ ពីក្រុម​មហាសេដ្ឋីដទៃ ពោលគឺថ្មីៗនេះ លោកស្រីបានបរិច្ចាគចំណែកភាគហ៊ុនផ្ទាល់ខ្លួន​ ប្រហែល ៥៥% ដែលមានតម្លៃស្មើនឹង ៨២៦លានដុល្លារ ទៅកាន់មូលនិធិសប្បុរសធម៌មួយកន្លែង បង្កើតឡើងដោយប្អូនស្រីបង្កើតរបស់លោកស្រី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន MSN។

ដោយឡែក បើតាមរបាយការណ៍ផ្ទាល់ពីក្រុមហ៊ុនបានបង្ហាញថា លោកស្រី Huiyan បានបរិច្ចាគ​ចំណែកភាគហ៊ុនប្រមាណ ៦៧៥លានហ៊ុន នៃក្រុមហ៊ុន Country Garden Services ទៅកាន់​មូលនិធិ Guoqiang Foundation Hong Kong សម្រាប់គោលបំណងសប្បុរសធម៌។

សូមជម្រាបដែរថា លោកស្រី Yang គឺជាអតីតមហាសេដ្ឋីស្រីមានបំផុតនៅអាស៊ី ប៉ុន្តែទ្រព្យសម្បត្តិ​របស់លោកស្រី បានធ្លាក់ចុះយ៉ាងខ្លាំង រយៈពេល ២ឆ្នាំចុងក្រោយ ពោល​ធ្លាក់ចុះប្រមាណ ៨០% ពីទំហំទ្រព្យសម្បត្តិ​ ៣៤ពាន់លានដុល្លារ ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិ​របស់​លោកស្រីមានប្រហែល ៧ពាន់លានដុល្លារ៕