ប្រទេសឥណ្ឌា បានចាប់ផ្ដើមរឹតបន្តឹងការនាំចូលកុំព្យូទ័រយួរដៃ ថេប្លេត និងកុំព្យូទ័រ ពីបរទេសជាបន្ទាន់ ដើម្បីជំរុញការផលិតក្នុងស្រុកឲ្យមានកំណើនឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ប្រភពដដែលបន្ថែមថា ក្នុងត្រីមាសទី ២នេះ ការនាំចូលផលិតផលអេឡិចត្រូនិករបស់ឥណ្ឌា រាប់បញ្ចូលទាំងកុំព្យូទ័រ មានការកើនឡើង ៦,២៥% ប្រមាណ ១៩,៧ពាន់លានដុល្លារ ស្របពេលការនាំចូលឧបករណ៍អេឡិចត្រូនិក គឺរ៉ាប់រងប្រហែល ៧ ទៅ ១០% នៃការនាំចូលសរុបរបស់ឥណ្ឌា។
គួររំលឹកដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលឥណ្ឌាបានព្យាយាមជំរុញ និងលើកទឹកចិត្តក្រុមហ៊ុនក្នុងស្រុកជាច្រើន បង្កើនការផលិតជាជាងពឹងផ្អែកលើការនាំចូល ដោយផ្ដល់ការលើកទឹកចិត្តដល់វិស័យជាច្រើន រួមទាំងវិស័យអេឡិចត្រូនិកផងដែរ។
សូមជម្រាបដែរថា កាលពីឆ្នាំទៅ ឥណ្ឌាបាននាំចូលទូរស័ព្ទពីបរទេស ដែលមានតម្លៃរហូតដល់ ៣៨ពាន់លានដុល្លារ ខណៈការផលិតក្នុងស្រុកគឺមានតែប្រហែល ៤ពាន់លានដុល្លារប៉ុណ្ណោះ៕