ក្រុមហ៊ុនថាមពលខ្នាតយក្សថៃ កើបលុយចំណេញជាង ១ពាន់លានដុល្លារ ត្រឹមឆមាសទី១

អន្តរជាតិ

ក្រុមហ៊ុនថាមពល PTT Exploration and Production Plc (PTTEP) បានបង្ហាញពីប្រាក់ចំណេញរបស់ខ្លួនកើនឡើងដល់ ១,១៨ពាន់លានដុល្លារ គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៣ នេះ ពោលគឺបានកើនឡើងពី ៩១៩លានដុល្លារ ក្នុងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីកាសែត Bangkok Post បានបង្ហាញឱ្យដឹងថា ការកើនឡើងខ្លាំងនៃប្រាក់ចំណូលរបស់ PTTEP បែបេនេះ គឺដោយសារតែភាពជោគជ័យនៃសមត្ថភាពក្នុងការផលិតឧស្ម័ន នៅក្នុងឈូងសមុទ្រថៃ ដែលអាចទទួលបានដល់ទៅ ៤០០លានហ្វីតគូបក្នុងមួយថ្ងៃ (MMSCFD) គិតនៅត្រឹមចុងត្រីមាសទី២ ។

យ៉ាងណាមិញ លោក Montri Rawanchikul នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PTTEP បាននិយាយថា ផលិតកម្មហ្គាស់របស់ខ្លួន ទទួលបានចន្លោះពី ២៥០ ទៅ ៣០០ លានហ្វីតគូបក្នុងមួយថ្ងៃ នៅពេលដែលក្រុមហ៊ុនរបស់លោក បានចូលទៅកាន់កាប់តំបន់បូមហ្គាស់ Erawan កាលពីខែមេសា ឆ្នាំមុនមក។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន PTTEP កំពុងទន្ទឹមរង់ចំាកើបប្រាក់ចំណូលបន្ថែមទៀត ពីប្លុកបូមប្រេងថ្មីចំនួនពីរ គឺ G1/65 និង G3/65 បន្ទាប់ពីក្រុមហ៊ុនថាមពេលខ្នាតយក្សរបស់ថៃមួយនេះ ទទួលបានអាជ្ញាប័ណ្ណរុករក និងផលិត នៅទីតាំងទាំងពីរ ពីរដ្ឋាភិបាល។

ជម្រាបជូនផងដែរថា ក្រៅតែពីផលិតកម្មក្នុងស្រុក ក្រុមហ៊ុន PTTEP ក៏កំពុងផ្តោតទៅក្នុងវិស័យថាមពលស្អាតផងដែរ ដោយបានចាប់ដៃគូជាមួយក្រុមហ៊ុនចំនួន ៥ ដើម្បីបង្កើតគម្រោងអ៊ីដ្រូសែនបៃតងខ្នាតធំ នៅតំបន់មួយ ដែលមានឈ្មោះថា “Block Z1-02” នៅក្នុងប្រទេសអូម៉ង់ ក្រោមសម្បទានដែលផ្តល់ដោយរដ្ឋាភិបាលរបស់ប្រទេសនោះផ្ទាល់៕