កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Symbotic Inc ដែលជំនាញលើស្វ័យប្រវត្តិកម្មឃ្លាំង បានរាយការណ៍ពីតម្លៃភាគហ៊ុន ដែលមានការកើនឡើងច្រើនជាង ៥០% ដោយក្នុងនោះ ម្ចាស់ភាគហ៊ុនធំគឺ មហាសេដ្ឋីអាមេរិក Richard B. “Rick” Cohen ទទួលបានភាគលាភច្រើនបំផុត។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CEOworld បានបង្ហាញថា ដោយសារតម្លៃភាគហ៊ុនកើនឡើងខ្លាំង វាបានធ្វើឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិក កើនឡើងរហូតដល់ទៅ ៧ពាន់លានដុល្លារ ខណៈទ្រព្យសម្បត្តិសរុបរបស់លោកមានសរុប ២៥,៦ពាន់លានដុល្លារ។
បច្ចុប្បន្ន តម្លៃក្រុមហ៊ុន Symbotic មានការកើនឡើង ៣២,២៣ពាន់លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុនកើនឡើងច្រើនជាង ៥០ភាគរយ ពោលកាលពីខែមករា តម្លៃហ៊ុនគឺ ១១,៨៨ដុល្លារ ខណៈគិតត្រឹមដើមខែសីហានេះគឺ ៥៧,៩៨ដុល្លារ។
សូមជម្រាបដែរថា មហាសេដ្ឋី Rick Cohen គឺជា CEO ដ៏ជោគជ័យមួយរូបនៅសហរដ្ឋអាមេរិក ដោយកាន់កាប់មុខរបរបន្តពីគ្រួសារ និងកែប្រែវាទៅជាអាជីវកម្មស្វ័យប្រវត្តិកម្មឃ្លាំង ដែលបង្ហាញពីការរីកចម្រើនខ្លាំង ក្នុងវិស័យឧស្សាហកម្មមនុស្សយន្ត៕