កូនប្រុសច្បងប្រធានាធិបតីកូឡុំប៊ី Gustavo Petro គឺលោក Nicolas Petro បានសារភាពថា ទទួលបានលុយកខ្វក់ សម្រាប់ប្រើប្រាស់យុទ្ធនាការឃោសនារកសន្លឹកឆ្នោត សម្រាប់ការប្រជែងតំណែងប្រធានាធិបតីរបស់ឪពុក កាលពីឆ្នាំ ២០២២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ព្រះរាជអាជ្ញា Mario Burgos បានប្រាប់ទៅកាន់ចៅក្រមថា Nicolas Petro ដែលត្រូវបានចាប់ខ្លួន កាលពីចុងសប្ដាហ៍ ក្រោយរងការចោទប្រកាន់ទាក់ទង នឹងការលាងលុយកខ្វក់ និងការបង្រ្កាបដោយខុសច្បាប់ បានលាតត្រដាងថា លោកបានទទួលប្រាក់យ៉ាងច្រើនពីអ្នកម៉ៅការជនជាតិកូឡុំប៊ីម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងអតីតសមាជិកព្រឹទ្ធសភាម្នាក់ទៀត ដែលត្រូវបានកាត់ទោសពីបទជួញដូរគ្រឿងញៀន និងជាអ្នកជំនួញ “ដ៏មានអំណាច” មួយរូប។
នៅក្នុងសវនាការ លោក Burgos បាននិយាយថា កូនប្រុសច្បងប្រធានាធិបតីកូឡុំប៊ីសារភាពទាំងអស់ថា ប្រាក់ដែលគេទទួលបាន មួយចំណែកធំយកទៅបង្កើនទ្រព្យសម្បត្តិខ្លួនឯង ខណៈសល់ប៉ុន្មាន យកទៅប្រើប្រាស់ក្នុងយុទ្ធនាការឃោសនារកសន្លឹកឆ្នោត ជូនឪពុកដែលជាបេក្ខភាពប្រធានាធិបតីនាពេលនោះ។
បន្ថែមពីនោះ ព្រះរាជអាជ្ញាខាងលើក៏បានបញ្ជាក់ដែរថា Nicolas Petro យល់ព្រមសហការ ដោយផ្ដល់នូវភស្តុតាងបន្ថែម និងលាលែងតំណែង ក្នុងនាមជាសមាជិកសភា ក្នុងស្រុកនៅនាយកដ្ឋាន Atlántico របស់ប្រទេសកូឡុំប៊ី និងជៀសវាងទទួលយកតួនាទីនយោបាយផ្សេងទៀតផងដែរ។
ជម្រាបបន្ថែមថា តាមរយៈការចោទប្រកាន់ខាងលើ តុលាការអាចនឹងសម្រេចផ្ដន្ទាទោសដល់កូនប្រុសប្រធានាធិបតីកូឡុំប៊ី ជាប់ពន្ធនាគារពី ១២ឆ្នាំ ទៅ ២០ឆ្នាំ៕