ធនាគារកណ្តាលថៃ ដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុត ដើម្បីទប់ទល់អតិផរណា

អន្តរជាតិ

ធនាគារកណ្តាលថៃ (BoT) កាលពីថ្ងៃទី ២ ខែសីហាកន្លងទៅ បានធ្វើការដំឡើងអត្រាការប្រាក់របស់ខ្លួន ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន រយ:ពេល ៩ ឆ្នាំចុងក្រោយ ចំពេលមានការព្រួយបារម្ភទៅលើកំណើនអតិផរណា ដែលអាចកើតមាន និងអស្ថិរភាពនយោបាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណ:កម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ BoT បានធ្វើការបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន ០,២៥% បន្ថែមទៀត ដែលជាហេតុធ្វើឱ្យអត្រាការប្រាក់បច្ចុប្បន្នកើនឡើងរហូតដល់ទៅ ២,២៥%។

ទោះបីជាមានអតិផរណា ហាក់បានធូរស្រាលបន្តិចម្តងៗជារៀងរាល់ខែ ដោយគិតចាប់តាំងពីខែមករាមក និងថែមទាំងបានធ្លាក់ចុះដល់ក្រោមកម្រិតគោលដៅ ដែលបានកំណត់ដោយធនាគារកណ្តាលថៃ ពី ១% ទៅ ៣% ក្នុងរយ:ពេលពីរ បីខែកន្លងមកនេះក៏ដោយ តែអ្នកបង្កើតគោលនយោបាយ នៅតែបន្តព្យាយាមទប់ស្កាត់អតិផរណា ឱ្យស្ថិតនៅកម្រិតទាប សម្រាប់រយ:ពេលយូរទៅមុខទៀត ។

មិនតែប៉ុណ្ណោះ BoT បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នៅតែបន្តទទួលបានកំណើន ដោយសារតែត្រូវបានជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការប្រើប្រាស់ឯកជន ប៉ុន្តែវាក៏នៅតែមានហានិភ័យកើតឡើង ចំពោះការនាំចេញទន់ខ្សោយ និងភាពមិនច្បាស់លាស់ផ្នែកនយោបាយក្នុងស្រុក ដោយសារតែការបង្កើតរដ្ឋាភិបាលថ្មី នៅតែបន្តអូសបន្លាយរយ:ពេលយូរ។

លើសពីនេះទៅទៀត BoT បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អតិផរណាធ្លាក់ចុះ ដោយសារតែតម្លៃថាមពល ការឧបត្ថម្ភធនទៅលើការរស់នៅ និងការចំណាយមូលដ្ឋានមានកម្រិតខ្ពស់ កាលពីឆ្នាំមុន ប៉ុន្តែវាអាចនឹងងើបឡើងវិញ នៅឆមាសទីពីរនៃឆ្នាំនេះ ជាពិសេសនៅពេលតម្លៃអាហារកាន់តែឡើងខ្ពស់ រួមជាមួយនឹងបាតុភូតរាំងស្ងួត El Nino កាន់តែធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យការចំណាយកាន់តែច្រើន៕