ក្រុមហ៊ុននាំចេញអង្ករក្នុងប្រទេសថៃ និងវៀតណាម ថ្មីៗនេះ កំពុងចរចាគ្នាឡើងវិញ ដើម្បីអាចសម្រេចបាននូវកិច្ចសន្យាលក់អង្ករក្នុងចំនួនប្រហែលកន្លះលានតោន សម្រាប់ការនាំចេញក្នុងខែសីហានេះ ដោយសារតែការហាមឃាត់របស់ប្រទេសឥណ្ឌា បានរឹតបន្តឹងលើការផ្គត់ផ្គង់ទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។
ក្រុមហ៊ុននាំចេញមួយចំនួន កំពុងប្រញាប់ប្រញាល់ស្វែងរកការផ្គត់ផ្គង់ពីកសិករ ដែលបានដំឡើងតម្លៃអង្កររបស់ពួកគេ បន្ទាប់ពីមានការកើនឡើងតម្លៃនៅក្នុងទីផ្សារពិភពលោក ដោយវាអាចនឹងធ្វើបង្កហានិភ័យដល់កិច្ចព្រមព្រៀងទិញអង្ករ ដែលមានតម្លៃរាប់ពាន់លានដុល្លារ។
គួរឱ្យដឹងថា ឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករកំពូលគេរបស់ពិភពលោក កាលពីចុងខែមុន បានសម្រេចហាមឃាត់ការនាំចេញអង្កររបស់ខ្លួន ចំពេលមានភាពមិនច្បាស់លាស់ទៅលើផលិតកម្មក្នុងស្រុក ដែលវាបានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើការផ្គត់ផ្គង់អាហារ ក្នុងចំណោមអ្នកនាំចូលអង្ករសំខាន់ៗ នៅតំបន់អាស៊ី និងអាហ្រ្វិក។
យ៉ាងណាមិញ ថៃ និងវៀតណាម ដែលជាអ្នកនាំចេញអង្ករធំបំផុតទីពីរ និងទីបីរបស់ពិភពលោកនោះ ត្រូវបានគេរំពឹងថានឹងនាំចេញអង្ករច្រើនជាងមួយលានតោន នៅក្នុងខែសីហានេះ។
តម្លៃអង្ករបាក់ ៥% របស់ថៃ ដែលជាអង្ករស្តងដារនៅអាស៊ី បានកើនឡើងដល់ ៦២៥ដុល្លារ ក្នុងមួយតោន ធៀបទៅនឹងតម្លៃត្រឹម ៥៤៥ដុល្លារ ក្នុងមួយតោន កាលពីសប្តាហ៍មុន ខណ:ប្រភេទអង្ករស្រដៀងគ្នានេះ ពីប្រទេសវៀតណាមវិញ ក៏បានកើនឡើងដល់ ៥៩០ដុល្លារ ក្នុងមួយតោន ផងដែរ ។
អាជីវករម្នាក់ នៅក្នុងទីក្រុងហូជីមិញ បាននិយាយថា តម្លៃអង្ករបច្ចុប្បន្នគឺខ្ពស់ជាងតម្លៃ ដែលបានចុះកិច្ចសន្យា ហើយការកើនឡើងនៃតម្លៃនាំចេញបានបណ្តាលឱ្យតម្លៃស្រូវអង្ករក្នុងស្រុកកើនឡើងយ៉ាងខ្លាំង។ ឥឡូវនេះ អាជីវករមួយចំនួន កំពុងប្រញាប់ប្រញាល់ពន្លឿនការដើរទិញស្រូវអង្កររបស់ពួកគេពីកសិករ៕