កូនប្រុសអតីតស្ថាបនិកក្រុមហ៊ុន Apple Inc លោក Reed Jobs ដែលមានវ័យ ៣១ឆ្នាំបានកំពុងចាប់ផ្តើមវិនិយោគបង្កើតក្រុមហ៊ុនមួយ ដោយផ្តោតលើការព្យាបាលជំងឺមហារីក ដែលជំងឺនេះធ្លាប់វាយប្រហារដល់ឪពុករបស់ខ្លួនគឺលោក Steve Jobs។ នេះបើតាមការចុះផ្សាយពីកាសែត The New York Time ។
មិនត្រឹមតែប៉ុណ្ណោះ អតីតភរិយាលោក Steve Jobs លោកស្រី Laurene Powell Jobs ក៏បាននឹងកំពុងដាក់ទុនជាមួយកូនប្រុស លើការសិក្សាស្រាវជ្រាវដើម្បីព្យាបាលជំងឺមហារីកមួយនេះផងដែរ។
ជាមួយគ្នានោះ ក្រុមហ៊ុននេះត្រូវបានប្រមូលទុនបានចំនួនប្រមាណ ២០០លានដុល្លារអាមេរិកពីវិនិយោគិន និងស្ថានប័ននានា រួមទាំងអ្នកបណ្តាក់ទុនវិនិយោគ John Doerr មជ្ឈមណ្ឌលជំងឺមហារីក Memorial Sloan Kettering រួមទាំងសកលវិទ្យាល័យ Rockefeller និង MITផងដែរ។
លោក Jobsបាននិយាយថា “ឪពុករបស់ខ្ញុំត្រូវបានវិជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យថាលោកមានជំងឺមហារីក នៅពេលដែលខ្ញុំមានអាយុ ១២ឆ្នាំ រឿងនេះហើយដែលនាំអោយខ្ញុំចងចិត្តចាប់ផ្តើមផ្តោតនិងសិក្សាលើជំងឺមួយនេះយ៉ាងសំខាន់”។
សូមជំរាបផងដែរថា លោក Steve Jobs ត្រូវបានវិជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យថា លោកមានជំងឺមហារីកលំពែងកាលពីឆ្នាំ ២០០៣ រហូតមកដល់ឆ្នាំ ២០១១លោកបានទទួលមរណៈភាពនៅជន្មាយុ ៥៦ឆ្នាំ៕