ក្រុមហ៊ុនមហាសេដ្ឋីអាមេរិក Warren Buffett បានរាយការណ៍ពីប្រាក់ចំណេញនាត្រីមាសទី២ ដោយទទួលបានប្រមាណ ៣៦ពាន់លានដុល្លារ ស្របពេលតម្លៃក្រុមហ៊ុនកើនឡើងដល់ ៣៥៣ពាន់លានដុល្លារ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន TheManilaTimes បានបង្ហាញថា ប្រាក់ចំណេញដ៏ច្រើននេះ គឺបណ្ដាលមកពីការរីកចម្រើនខ្លាំងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ Berkhire Hathaway ជាពិសេសគឺក្រុមហ៊ុនធានារ៉ាប់រង Geico តែម្ដង។
ដោយឡែក ប្រាក់ចំណូលក្រុមហ៊ុន Berkshire កើនឡើងដល់ ៩២,៥ពាន់លានដុល្លារ បើធៀបនឹងឆ្នាំទៅដែលមាន ៧៦,២ពាន់លានដុល្លារ ខណៈការកើនឡើងដ៏សម្បើមនេះ គួរអរគុណដល់ក្រុមហ៊ុន Pilot Travel Centers ដែលបានកើបលុយប្រហែល ១៤,៧៥ពាន់លានដុល្លារប្រចាំត្រីមាស។
ជម្រាបបន្ថែមថា ក្រុមហ៊ុន Berkshire នៅតែទទួលបានប្រាក់ចំណេញរាប់រយពាន់លានដុល្លា បើទោះជាមិនទាន់ទិញបានក្រុមហ៊ុន ឬមានការវិនិយោគថ្មីក្ដី ពោលសាច់ប្រាក់របស់ក្រុមហ៊ុន កើនពី ១៣០,៦ពាន់លានដុល្លារ នាត្រីមាសទីមួយ មកដល់ ១៤៧,៤ពាន់លានដុល្លារនាត្រីមាសទី២៕