តម្លៃភាគហ៊ុននៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី មានការកើនឡើងខ្លាំង ពោលកត្តានេះធ្វើឲ្យម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនរថយន្ត Li Auto លោក Fan Zheng បានក្លាយជាមហាសេដ្ឋីនៃប្រទេសចិនថ្មីមួយរូប។

យោងតាមការចុះផ្សាយពីទស្សនាវដ្ដីនិយាយពីអ្នកមាន Forbes បានបង្ហាញថា លោក Fan បានក្លាយជាមហាសេដ្ឋីទី ២ នៃក្រុមហ៊ុន Li Auto បន្ទាប់ពីប្រធានក្រុមហ៊ុនលោក Li Xiang ក្រោយតម្លៃភាគហ៊ុន កើនឡើងដល់ ៤៥,៨៤ដុល្លារក្នុងមួយហ៊ុន ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកកើនដល់ ១,៩ពាន់លានដុល្លារ។

ដោយឡែក ប្រធានក្រុមហ៊ុនរថយន្តអគ្គិសនីពេញនិយមបំផុតមួយនៅចិន គឺលោក Li វិញ ក៏មានសំងំកើបលុយបានច្រើនផងដែរ ពោលគិតត្រឹមថ្ងៃទី ០៤ ខែសីហានេះ ទ្រព្យសម្បត្តិរបស់លោកមានប្រមាណ ៨,២ពាន់លានដុល្លារ។
គួររំលឹកដែរថា ក្រុមហ៊ុន Li Auto គឺជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីពេញនិយមបំផុតមួយនៅចិន ខណៈបើមើលពីមូលធនទីផ្សារដែលមាន ៤៨ពាន់លានដុល្លារវិញ គឺអាចប្រជែងជាមួយក្រុមហ៊ុនអាមេរិកធំៗដូចជា Ford និង GM បានយ៉ាងងាយ។
បន្ថែមពីនោះ ក្រុមហ៊ុនចិនមួយនេះក៏ជាប់ចំណាត់ថ្នាក់ទី ១ ៦៩១ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ២ ០០០ ចម្រាញ់ដោយទស្សនាវដ្ដី Forbes ស្របពេលអត្រាលក់រថយន្តនាខែកក្កដាកន្លងទៅ មានការកើនឡើង ២២៧,៥% ដោយលក់បាន ៣៤ ១៣៤គ្រឿង បើធៀបនឹងឆ្នាំទៅក្នុងរយៈពេលដូចគ្នា៕