កាលពីម្សិលមិញនេះ មហាសេដ្ឋីអាមេរិក Elon Musk បានបង្ហោះសារមួយថា ការវាយគ្នាជាមួយមេធំ Facebook នឹងធ្វើការផ្សាយបន្តផ្ទាល់នៅលើប្រព័ន្ធបណ្ដាញសង្គម X ដែលទើបនឹងប្រែឈ្មោះពី Twitter។
ក្រោយការបង្ហោះសារនោះមិនបានប៉ុន្មានម៉ោងផង មហាសេដ្ឋី Mark Zuckerberg បានតបតវិញថា បើសិន Elon Musk ហ៊ានមែន ណាត់គ្នាវាយនាថ្ងៃទី ២៦ ខែសីហាតែម្ដង កុំរង់ចាំយូរទៀត។ នេះបើតាមការចុះផ្សាយពីគេហទំព័រ TheVerge។
បន្ថែមពីនោះ មេធំ Facebook ហាក់មិនពេញចិត្តឡើយ បើសិនជាការវាយគ្នានឹងផ្សាយផ្ទាល់លើ X ដ្បិតលោកបានលើកឡើងថា បើសិនជាមានការផ្សាយបន្តផ្ទាល់មែន គួរតែរើសយកប្រព័ន្ធផ្សព្វផ្សាយណា ដែលអាចរៃអង្គាសប្រាក់ពីការប្រកួតនោះ យកទៅធ្វើសប្បុរសធម៌ល្អជាង។
សូមជម្រាបដែរថា ភាគីម្ខាងទៀតគឺ Elon Musk នៅមិនទាន់ឆ្លើយតបជាមួយ Mark Zuckerberg ឡើយ អំពីការណាត់វាគ្នានាថ្ងៃទី ២៦ ខែសីហាទេ៕