ការនាំចូលទំនិញរបស់ចិនពីប្រទេសរុស្ស៊ីនាខែកក្កដា មានការធ្លាក់ចុះ ខណៈវាក៏ជាការធ្លាក់ចុះដំបូង តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ប្រភពដដែលបន្ថែមថា ការនាំចូលទំនិញរបស់ចិនពីរុស្ស៊ី មានការធ្លាក់ចុះប្រមាណ ៨% នាខែកក្កដា មកនៅត្រឹម ៩,២ពាន់លានដុល្លារ បើធៀបនឹងឆ្នាំទៅ ខណៈទំនិញដែលចិននាំចូលភាគច្រើនគឺមានដូចជា ប្រេងរុស្ស៊ី ធ្យូងថ្ម និងលោហធាតុមួយចំនួន។

ដោយឡែក ការនាំចេញទំនិញទៅកាន់រុស្ស៊ីវិញ ក៏មានការងើបឡើងយឺតផងដែរ បើធៀបនឹងខែមិថុនា ដែលធ្លាប់កើនរហូតដល់ ៩០,៩% ខណៈខែកក្កដាវិញកើនបានត្រឹម ៥២%ប៉ុណ្ណោះ មកនៅត្រឹម ១០,២៨ពាន់លានដុល្លារប៉ុណ្ណោះ។
ជម្រាបបន្ថែមថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២បានធ្លាក់មកនៅត្រឹម ១៩,៤៩ពាន់លានដុល្លារ នាខែកក្កដា ខណៈកាលពីខែមិថុនាមានរហូតដល់ ២០,៨៣ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតតាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន៕