សហរដ្ឋអាមេរិក គ្រោងដាក់ចេញច្បាប់ហាមប្រាមលើការវិនិយោគ ក្នុងវិស័យបច្ចេកវិទ្យានៅចិន

អន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ទំនងជានឹងដាក់ចេញបទបញ្ជាមួយ ដែលរង់ចាំអស់រយ:ពេលជាយូរមកហើយ ដើម្បីបង្កើនការត្រួតពិនិត្យលើការវិនិយោគទៅកាន់ប្រទេសចិន ជុំវិញវិស័យបច្ចេកវិទ្យា នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទបញ្ជាថ្មីនេះ ត្រូវបានគេរំពឹងទុកថានឹងកំណត់គោលដៅទៅលើភាគហ៊ុនឯកជនរបស់សហរដ្ឋអាមេរិក ដើមទុនបណ្តាក់ទុនរួម និងការវិនិយោគរួមគ្នា នៅក្នុងប្រទេសចិន សម្រាប់វិស័យបច្ចេកវិទ្យាសំខាន់ៗ ដូចជាបន្ទះឈីប Semiconductor , គ្រឿងបង្គុំកុំព្យូទ័រ និង​បញ្ញា​សិប្បនិម្មិត ជាដើម។

យ៉ាងណាមិញ ចំពោះគោលដៅធំរបស់លោក Biden ក្នុងការដាក់ចេញបទបញ្ជានេះ គឺដើម្បីទប់ស្កាត់មូលធន និងអ្នកជំនាញរបស់សហរដ្ឋអាមេរិក ពីការពន្លឿនការអភិវឌ្ឍលើបច្ចេកវិទ្យា ដែលអាចនឹងផ្តល់ការគាំទ្រដល់ទំនើបកម្មយោធារបស់ប្រទេសចិន និងផ្តល់ការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

មិនតែប៉ុណ្ណោះ លោក Cordell Hull អតីតមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយថា ៖ ” ការដាក់ចេញច្បាប់ថ្មីនេះ អាចនឹងបំពេញចន្លោះប្រហោងនៅក្នុងវិស័យបច្ចេកវិទ្យាបច្ចុប្បន្នរបស់យើង។ យើងមានការហាមឃាត់លើការនាំចេញបច្ចេកវិទ្យា។ ហើយយើងមានការរឹតបន្តឹងលើការវិនិយោគ នៅក្នុងដែនកំណត់មួយ។ ដូច្នេះហើយវានឹងជួយកាត់បន្ថយគម្លាតនេះ លើការផ្តល់មូលនិធិ ចំណេះដឹង និងផ្តល់ឱ្យរដ្ឋាភិបាលរបស់យើង អាចមើលឃើញនូវលំហរមូលធនបន្ថែមទៀត “​។

ជម្រាបជូនផងដែរថា ប្រធានបទនេះ ក៏ត្រូវបានលើកឡើងកាលពីខែមុន ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ជាមួយមន្ត្រីចិន ផងដែរ។ ហើយនៅក្នុងបទសម្ភាសខ្លីមួយ លោកស្រី បាននិយាយថា ​ការ​រឹត​បន្តឹង​ដ៏​មាន​សក្ដានុពលមួយ ​ត្រូវ​បាន​កំណត់​គោលដៅយ៉ាងច្បាស់លាស់ ហើយនឹងដាក់កម្រិតទៅលើផ្នែកមួយចំនួន ​​ដែល​យើង​មាន​កង្វល់​ថា អាចប៉ះពាល់ដល់សន្តិសុខ​ជាតិ​ជាក់លាក់៕