រដ្ឋាភិបាលអូស្រ្តាលី បាននិយាយនៅថ្ងៃពុធនេះថា ក្រុមហ៊ុននាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុតរបស់ប្រទេស គឺ CBH Group គ្រោងនឹងបន្តការនាំចេញស្រូវសាលី ទៅកាន់ប្រទេសចិនឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចដកចេញរនាំងពន្ធលើការនាំចូលស្រូវសាលីពីអូស្រ្តាលី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
ចិន បានផ្អាកការនាំចូលស្រូវសាលី ពីក្រុមហ៊ុន CBH Grain ដែលជាបុត្រសម្ព័ន្ធមួយរបស់ CBH Group កាលពីចុងឆ្នាំ ២០២០ បន្ទាប់ពីចោទប្រកាន់ថា បានរកឃើញសត្វល្អិតនៅក្នុងទំនិញ។ ស្របពេលការផ្អាកនេះ ក៏បានកើតឡើង ក្នុងអំឡុងពេលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរធ្លាក់ចុះខ្លាំង ដែលធ្វើឱ្យចិន ដាក់កម្រិតលើការនាំចូលទំនិញរបស់អូស្ត្រាលីជាច្រើនជាប្រភេទ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងកសិកម្មអូស្រ្តាលី បាននិយាយថា ឥឡូវនេះ ក្រុមហ៊ុន CBH Grain និង Emerald Grain Australia នឹងអាចបន្តការធ្វើពាណិជ្ជកម្មលើស្រូវសាលី ជាមួយប្រទេសចិនវិញ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានចុះបញ្ជីក្រុមហ៊ុននាំចេញទាំងពីរនេះ ឡើងវិញ។
ក្រសួងបាននិយាយទៀតថា ៖ “ការស្តារឡើងវិញនូវការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុននាំចេញទាំងពីរនេះ គឺជាលទ្ធផល នៃការពិភាក្សាបច្ចេកទេស ដែលកំពុងបន្តរវាងប្រទេសទាំងពីរ។ ហើយនេះ គឺជាជំហានវិជ្ជមានមួយផ្សេងទៀត ឆ្ពោះទៅរកការស្តារស្ថេរភាពនៃទំនាក់ទំនងរបស់យើង ជាមួយចិន ” ។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាល បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន CBH Group គឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិ ដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី នៅក្នុងឆ្នាំហិរញ្ញវត្ថុ ២០២២ កន្លងទៅ ៕