ក្រោយចូលកាន់តំណែងថ្មី ប្រមុខការទូតចិន Wang Yi នឹងមកកាន់កម្ពុជាសប្តាហ៍នេះ

អន្តរជាតិ

រដ្ឋាភិបាលក្រុងប៉េកាំង បាននិយាយថា ប្រមុខការទូតចិន លោក Wang Yi ដែលទើបចូលកាន់តំណែងរដ្ឋមន្រ្តីការបរទេសសាជាថ្មីកាលពីខែមុន នឹងត្រូវបំពេញទស្សនកិច្ចមកកាន់កម្ពុជា រួមទាំងប្រទេស២ទៀត នៅតំបន់អាស៊ាននាសប្ដាហ៍នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជើងចាស់រូបនេះ នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីមុនគេ គឺចាប់ពីថ្ងៃទី១០ ដល់ទី១១ ខែសីហានេះ។ ក្នុងដំណើរទស្សនកិច្ចនាពេលនេះ លោក Wang Yi នឹងចូលជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និង ឧបនាយករដ្ឋមន្ត្រី Lawrence Wong ផងដែរ។

បើតាមរដ្ឋាភិបាលក្រុងបេ៉ងកាំង បន្ទាប់ពីបញ្ចប់ភារកិច្ច នៅប្រទេសកូនខ្លាសេដ្ឋកិច្ចអាស៊ីមួយនេះ រដ្ឋមន្ត្រីការបរទេសចិន Wang Yi នឹងទៅបំពេញ ទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី និងកម្ពុជា ដែលជាសម្ព័ន្ធមិត្តដែកថែប រហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ។

សម្រាប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជើងចាស់រូបនេះ មកកាន់ប្រទេសនៅតំបន់អាស៊ាន ត្រូវបានគេរាយការណ៍ថា ក្នុងគោលបំណងចង់ពង្រឹងទំនាក់ទំនងទ្វេភាគីរវាងចិន និងប្រទេសទាំង ៣ ខាងលើ ក៏ដូចជា ចង់អភិវឌ្ឍន៍បន្ថែមនូវគោលនយោបាយនានា និងជជែកគ្នាពីការវិនិយោគ នាថ្ងៃអនាគតផងដែរ។

យ៉ាងណា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិមកកាន់កម្ពុជា គឺស្របពេលដែលកម្ពុជារៀបចំសមាសគណៈរដ្ឋមន្រ្តីថ្មីក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ខណៈឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងនាយករដ្ឋមន្រ្តីថ្មីសម្រាប់អាណត្តិទី៧នេះ៕