ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទំនងនឹងមិនអាចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នាខែក្រោយនេះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ប្រភពដដែលបន្ថែមថា មេដឹកនាំអាមេរិកនឹងត្រូវចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌាពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ហើយនឹងបន្តឆៀងចូលប្រទេសវៀតណាម សម្រាប់កិច្ចប្រជុំទ្វេភាគី ប៉ុន្តែសម្រាប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងធ្វើឡើងពីថ្ងៃទី ០៤ ដល់ទី ០៧ ខែកញ្ញា នៅប្រទេសឥណ្ឌូណេស៊ី គឺកំពុងមានភាពស្រពេចស្រពិលនៅឡើយ។

ដោយឡែក ប្រភពជិតស្និទ្ធមួយទម្លាយថា លោក បៃដិន នឹងមិនទៅប្រទេសឥណ្ឌូណេស៊ីឡើយ ខណៈប្រភពមួយទៀតបញ្ជាក់ថា ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រាប់ថា ការចូលរួមកិច្ចប្រជុំកំពូលអាស៊ានពីប្រធានាធិបតីអាមេរិក ទំនងមិនអាចកើតឡើងឡើយ។
យ៉ាងណា ខាងសេតវិមានបានបង្ហើបថា បច្ចុប្បន្នមិនទាន់មានដំណឹងច្បាស់លាស់នោះឡើយ ពោលត្រូវរង់ចាំពេលវេលាបន្ថែមទៀតសិន ទើបមានព័ត៌មានលំអិតទាក់ទងនឹងបញ្ហានេះ។
សូមជម្រាបដែរថា អ្នកវិភាគនយោបាយជាច្រើនសង្កត់ធ្ងន់ថា បើសិនជា ចូ បៃដិន ពិតជាមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី ហើយបែរជាទៅប្រទេសឥណ្ឌា និងវៀតណាមមែន នោះបណ្ដាប្រទេសផ្សេងទៀតនៅអាស៊ាន ច្បាស់ជាខកចិត្តជាខ្លាំង ហើយអាចនឹងធ្វើឲ្យចំណងមិត្តភាពរវាងអាមេរិក និងអាស៊ាន ឈានដល់ចំណុចប្រេះស្រាំផងក៏ថាបាន៕