អតីតនាយករដ្ឋមន្ត្រីជប៉ុន Taro Aso បានប្រកាសកាលពីថ្ងៃទី ០៨ ខែសីហាថា ប្រទេសជប៉ុន ត្រូវតែបង្ហាញជំហរ គាំទ្រដល់តៃវ៉ាន់ ដើម្បីការពារអធិបតេយ្យភាពរបស់ពួកគេ ពីការវាយប្រហាររបស់ប្រទេសដទៃ ខណៈនេះគឺចង់សំដៅទៅលើមហាអំណាចចិន។

ការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនខាងលើ បានធ្វើឲ្យចិនមានការខឹងសម្បារជាខ្លាំង ហើយអ្នកនាំពាក្យក្រសួងការបរទេសចិន បានទាមទារឲ្យជប៉ុននៅឲ្យស្ងៀម កុំចេះលូកដៃក្នុងគោលនយោបាយ “ចិនតែមួយ” និងបញ្ឈប់ការគាំទ្រអធិបតេយ្យភាពខុសទំនងរបស់តៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ដោយឡែក លោក Aso បាននិយាយនៅក្នុងទីក្រុងតៃប៉ិថា ជប៉ុន អាមេរិក និងសម្ព័ន្ធមិត្តដទៃទៀត ត្រូវតែបង្ហាញការគាំទ្រយ៉ាងមុតមាំ ជាមួយតៃវ៉ាន់ បើសិនជាពួកគេទទួលបានការឈ្លានពានពីសំណាក់ប្រទេសចិន។
បន្ថែមពីនោះ ការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ មិនមែនជាគោលគំនិតផ្ទាល់ខ្លួនឡើយ ពោលគឺបានពិភាក្សារួចស្រេចជាមួយរដ្ឋាភិបាល មុនពេលលើកឡើងបែបនេះ បើទោះជាដឹងថា វានឹងធ្វើឲ្យមហាអំណាចចិនមានការខឹងសម្បារក៏ដោយ៕