លោកស្រី Yang Huiyan ធ្លាប់មានងារជាមហាសេដ្ឋីស្រីមានបំផុតប្រចាំប្រទេសចិន ប៉ុន្តែគិតតាំងពីខែមិថុនា ឆ្នាំ ២០២១ មកទល់ពេលនេះ មហាសេដ្ឋីរូបនេះរបូតទ្រព្យសម្បត្តិប្រមាណ ២៨,៦ពាន់លានដុល្លារ និងបាត់បង់តំណែងជាមហាសេដ្ឋីស្រីមានបំផុតប្រចាំប្រទេសថែមទៀត។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Businessinsider បានបង្ហាញថា គិតចាប់ពីខែមិថុនា ឆ្នាំ ២០២១ មកទល់ខែតុលា ឆ្នាំ ២០២៣នេះ ទ្រព្យសម្បត្តិមហាសេដ្ឋីស្រីរូបនេះ របូតអស់ប្រមាណ ៨៤% ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកស្រីនៅសល់ប្រមាណ ៥,៥ពាន់លានដុល្លារ។
បន្ថែមពីនោះ ម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន Country Garden Holdings រូបនេះ ក៏ទទួលរងការខាតបង់មិនស្ទើរផងដែរ ពោលកាលពីថ្ងៃអង្គារកន្លងទៅ ក្រុមហ៊ុនទទួលរងការពិន័យប្រមាណ ៤៩០លានដុល្លារ ដោយសារខកខានបង់ការប្រាក់។
មិនខុសពីក្រុមហ៊ុនអចលនទ្រព្យនានា Country Garden Holdings ក៏មានបំណុលជុំទិសផងដែរ ស្របពេលការលក់ប្រចាំឆមាសទីមួយរបស់ក្រុមហ៊ុន ក៏បង្ហាញសញ្ញាមិនល្អទៀត ពោលទទួលបាន ១២៨,៧៦ពាន់លានយ៉ន់ ឬប្រមាណ ១៧,៨ពាន់លានដុល្លារ ធ្លាក់ចុះ ៣០% បើធៀបនឹងខែមុន។
សូមជម្រាបដែរថា បើទោះជារបូតលុយអស់ច្រើនសន្ធឹកក្ដី ប៉ុន្តែកាលពីចុងខែកក្កដា លោកស្រី Yang បានប្រកាសបរិច្ចាគចំណែកភាគហ៊ុនផ្ទាល់ខ្លួន នៅក្រុមហ៊ុន Country Garden ប្រមាណ ៥៥% ឬប្រមាណ ៨២៦លានដុល្លារ ទៅកាន់មូលនិធិដែលបង្កើតដោយប្អូនស្រីបង្កើតរបស់ខ្លួន៕