ទោះបីសេដ្ឋកិច្ចធ្លាក់ចុះ តែចិន មិនទំនងកាត់ផ្តាច់ជំនួយដល់កូរ៉េខាងជើងឡើយ

អន្តរជាតិ

ស្ថានភាពសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះខ្សោយ អាចនឹងបង្ខំឱ្យរដ្ឋាភិបាលចិន ត្រូវកាត់បន្ថយមហិច្ឆតាគោលនយោបាយបរទេសដ៏ទូលំទូលាយមួយចំនួនរបស់ខ្លួន ជាពិសេសទំនាក់ទំនងដ៏ជិត​ស្និទ្ធ​រវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងកូរ៉េខាងជើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានគេរំពឹងទុកថាអាចនឹងកើនឡើង បន្ទាប់ពីវិធានដ៏តឹងរ៉ឹងប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ត្រូវបានដកចេញ កាលពីចុងឆ្នាំមុន។ ប៉ុន្តែផ្ទុយទៅវិញ មិនដូចការគិតទុកនោះឡើយ ដោយការនាំចេញ ផលិតភាព សុទ្ធសឹងតែធ្លាក់ចុះ រួមទាំងការកាត់បន្ថយប្រាក់ចំណូល ក្នុងវិស័យសាធារណ: ផងដែរ ។

គួរឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ចិន ក្នុងត្រីមាសទី ២ បានធ្លាក់ចុះក្រោម ១% បើធៀបទៅនឹងកំណើនប្រចាំឆ្នាំ ដែលបានព្យាករទុក ក្នុងចំនួន ៥,៦% នៅឆ្នាំ ២០២៣ នេះ។ ខណ:ពេលដែលការនាំចេញ កាលពីក្នុងខែកក្កដា បានធ្លាក់ចុះជាង ១៤% បើធៀបនឹងខែដូចគ្នា កាលពីឆ្នាំមុន។

យ៉ាងណាមិញ នេះអាចជាដំណឹងដ៏អាក្រក់មួយសម្រាប់ប្រទេសកូរ៉េខាងជើង ដែលបានពឹងផ្នែកខ្លាំងទៅលើចិន ដោយសារតែជាដៃគូពាណិជ្ជកម្មកំពូលរបស់ខ្លួន និងជាអ្នកផ្តល់ជំនួយសេដ្ឋកិច្ចឥតឈប់ឈរ ដោយរាប់ចាប់តាំងពីប្រេងឥន្ធន: រហូតដល់ថ្នាំពេទ្យ និងអាហារ ជាដើម។

ការពឹងផ្នែកទៅលើប្រទេសចិននេះ មានកាន់តែច្រើនឡើង ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក ដោយសារតែការដួលរលំនៃអតីតសហភាពសូវៀត ដែលធ្លាប់តែជាអ្នកផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ទីក្រុងព្យុងយ៉ាង និងការដាក់ទណ្ឌកម្មពីអន្តរជាតិ ដោយសារតែការសាងល្បងអាវុធនុយក្លេអ៊ែរ ។

តែទោះជាយ៉ាងណាក៏ដោយ ចិន នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានការស្ទាក់ស្ទើ ក្នុងការអនុម័តតាមអង្គការសហប្រជាជាតិ ចំពោះការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ហើយនៅតែបន្តធ្វើពាណិជ្ជកម្ម និងផ្តល់ជាជំនួយបន្ថែមទៀត ទៅកាន់ប្រទេសផ្តាច់ការមួយនេះ។

មិនតែប៉ុណ្ណោះ បើតាមអ្នកជំនាញ បានប្រាប់សារព័ត៌មាន VOA ថា បើទោះបីជាស្ថានភាពសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះខ្លាំងក៏ដោយ តែចិន មិនទំនងជាកាត់បន្ថយជំនួយរបស់ពួកគេ ទៅកាន់ប្រទេសកូរ៉េខាងជើងនោះឡើយ ខណ:ពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងប្រឈមមុខជាមួយនឹងភាពតានតឹងកាន់តែខ្លាំង ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ រួមទាំងកូរ៉េខាងត្បូង និងជប៉ុនផងដែរ។

លើសពីនេះ ទៅទៀត អ្នកជំនាញបានបង្ហាញទៀតថា កញ្ចប់ជំនួយរបស់ចិន ដល់កូរ៉េខាងជើង មានត្រឹមតែមួយផ្នែកតូចប៉ុណ្ណោះ នៃថវិកាប៉ាន់ស្មានរបស់ចិនចំនួន ៣,៤ទ្រីលានដុល្លារ។ ហើយសម្រាប់ជំនួយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងនេះ ទំនងជាបន្តសម្រាប់ហេតុផលភូមិសាស្រ្តនយោបាយ ៕