ម៉ាឡេស៊ី ផ្អាកការនាំចូលគោក្របី ពីអូស្ត្រាលី ក្រោយរកឃើញជំងឺឆ្លងលើស្បែក

អន្តរជាតិ

ប្រទេសម៉ាឡេស៊ី ថ្មីៗនេះ បានផ្អាកការនាំចូលសត្វគោក្របីរស់ ពីប្រទេសអូស្រ្តាលី ជាបណ្តោះអាសន្ន ពោលគឺនៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌូនេស៊ី បានផ្អាកការនាំចូលនេះដូចគ្នា ក្រោយរកឃើញជំងឺដុំពកស្បែក (LSD) នៅលើគោក្របី មុនពេលដឹកមកដល់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញករណីនេះ លោក Mark Schipp ប្រផ្នែកបសុពេទ្យរបស់អូស្រ្តាលី បាននិយាយថារដ្ឋាភិបាលរបស់ខ្លួន កំពុងចូលរួមជាបន្ទាន់ជាមួយភាគីម៉ាឡេស៊ី ដើម្បីលុបចោលវិធានការទប់ស្កាត់នេះវិញ ដោយធានាថាគ្មានជំងឺឆ្លងទៅលើសត្វគោក្របី ដែលនាំចូលមកនោះឡើយ។

គួរឱ្យដឹងថា ឥណ្ឌូនេស៊ី ដែលជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចូលគោក្របីរស់ ពីអូស្ត្រាលី កាលពីសប្តាហ៍មុន បានដាក់កម្រិតលើការនាំចូលមួយចំនួន បើទោះបីជាក្រុមមន្ត្រីជំនាញ បានបន្ធូរបន្ថយការភ័យខ្លាចនេះ ដោយការធ្វើតេស្តរោគវិនិច្ឆ័យច្បាស់លាស់ហើយក៏ដោយ។

យ៉ាងណាមិញ លោក Schipp បាននិយាយថា នាយកដ្ឋានរបស់លោក កំពុងធ្វើការ ដើម្បីបញ្ចប់ការស៊ើបអង្កេតលើស្ថានភាពសុខភាពរបស់សត្វគោក្របី ដែលរងផលប៉ះពាល់ ដើម្បីបញ្ជាក់ថាពួកវា មិនមានជំងឺឆ្លង LSD នោះឡើយ ។

ជម្រាបជូនថា LSD ជាជំងឺលើស្បែកឆ្លងខ្លាំង ហើយប៉ះពាល់ដល់សត្វគោក្របី ដែលធ្វើឱ្យកាត់បន្ថយដល់ការផលិតទឹកដោះ និងត្រូវបានចម្លងដោយសត្វល្អិតខាំ ប៉ុន្តែវាមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ៕