តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដកដំណែងឧត្តមសេនីយយោធាកំពូលម្នាក់ចេញ និងបានអំពាវនាវបន្ថែមទៀតសម្រាប់លិទ្ធភាពក្នុងការធ្វើសង្គ្រាម។
ប្រភពព័ត៌មានដដែល បានរាយការណ៍ថា ឧត្តមសេនីយយោធាកំពូលរបស់កូរ៉េខាងជើង និងជាអគ្គសេនាធិការលោក ផាក ស៊ូអ៊ីល ត្រូវបានដកចេញពីដំណែង ខណៈដែលលោកឧត្តមសេនីយ Ri Yong Gil ត្រូវបានតែងតាំងជំនួសវិញ។
ក្នុងនោះដែរ មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ ក៏បានធ្វើអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការយោធាមជ្ឈឹម លើការពិភាក្សាអំពីផែនការនិងវិធានការទប់ទល់នឹងសត្រូវ ហើយបានកំណត់គោលដៅក្នុងការពង្រីកសមត្ថភាពផលិតអាវុធ ដូចជា មីស៊ីល កាំភ្លើងធំ និងអាវុធផ្សេងទៀត ក្រោយពីលោកបានទៅទស្សនារោងចក្រសព្វាវុធកាលពីពីរសប្តាហ៍មុន។
លោក គីម ក៏បានអំពាវនាវអោយយោធាធ្វើសមយុទ្ធជាមួយនឹងអាវុធ និងឧបករណ៍ចុងក្រោយបង្អស់របស់ខ្លួន ដើម្បីរក្សាកងកម្លាំងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធក្នុងសង្គ្រាមផងដែរ។
យ៉ាងណាមិញ សហរដ្ឋអាមេរិកក៏បានចោទប្រកាន់កូរ៉េខាងជើងផងដែរថា បានផ្តល់ជំនួយអាវុធយោធាទៅកាន់ប្រទេសរុស្សី ខណៈ រុស្សី និងកូរ៉េខាងជើងបានបដិសេធការអះអាងរបស់សហរដ្ឋអាមេរិកមកលើការចោទប្រកាន់របស់ប្រទេសទាំងពីរ។
ដោយឡែក នៅថ្ងៃទី ២១ និងទី ២៤ខែសីហាខាងមុខ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធយោធារួមគ្នា តែយ៉ាងណាទីក្រុងព្យុងយ៉ាងមើលឃើញថា វាជាការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសខ្លួន៕