នាថ្ងៃទី ១១ ខែសីហានេះ ប្រទេសរុស្ស៊ីបានចាប់ផ្ដើមបាញ់រ៉ុកកែតទៅកាន់ឋានព្រះចន្ទ ក្នុងគោលបំណងបំពេញបេសកកម្មជាលើកដំបូង ក្នុងរយៈពេលជិត ៥០ឆ្នាំចុងក្រោយ។
យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា បេសកកម្មមួយនេះ នឹងជំរុញទឹកចិត្តដល់វិស័យអវកាសរបស់រុស្ស៊ី ខណៈបេសកម្មដំបូងបំផុតនៅឋានព្រះចន្ទ ដែលរុស្ស៊ីធ្លាប់បានបំពេញ គឺនៅឆ្នាំ ១៩៧៦ ពោលគឺនៅពេលដែលសហភាពសូវៀត ដើរតួជាអ្នកត្រួសត្រាយផ្លូវ ទៅកាន់លំហអាកាស។
ការបាញ់បង្ហោះរ៉ុកកែតរបស់រុស្ស៊ី ធ្វើឡើងនៅកន្លែងបាញ់បង្ហោះយានអវកាស Vostochny Cosmodrome នាវេលាម៉ោង ២ និង ១០នាទីព្រឹក ម៉ោងនៅរុស្ស៊ី ឬប្រហែលម៉ោង ៦ និង ១០នាទីព្រឹកនៅកម្ពុជា ខណៈគេរំពឹងថា រ៉ុកកែតមួយនេះ នឹងឆ្ពោះទៅដល់លំហឋានព្រះចន្ទ ក្នុងរយៈពេល ៥ថ្ងៃទៀត។
បន្ទាប់ពីទៅដល់លំហឋានព្រះចន្ទ រ៉ុកកែតមួយនេះអាចនឹងចំណាយពេលចន្លោះពី ៣ ទៅ ៧ថ្ងៃ ក្នុងការស្វែងរកកន្លែងសមគួរ ដែលអាចចុះចតនៅលើផ្ទៃតំបន់ប៉ូលខាងត្បូងនៃឋានព្រះចន្ទ។
ជម្រាបបន្ថែមថា ការចុះចតនៅតំបន់ប៉ូលខាងត្បូងនៃឋានព្រះចន្ទនេះ នឹងចារជាប្រវត្តិសាស្ត្រ ដ្បិតកន្លងមក ការចុះចតយាននៅលើឋានព្រះចន្ទ គឺធ្វើឡើងតែនៅលើផ្ទៃរាបស្មើតែប៉ុណ្ណោះ៕