នាថ្ងៃទី ១១ ខែសីហានេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងចាកចេញពីប្រទេសសិង្ហបុរី បន្ទាប់ពីជួបប្រជុំជាមួយឧបនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong និងនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong នាព្រឹកថ្ងៃសុក្រ ដោយបន្តដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីបន្ទាប់។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Malaymail បានបង្ហាញថា ប្រមុខការទូតចិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី រយៈពេល ២ថ្ងៃ ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែសីហា មុនបន្តមកកាន់ប្រទេសកម្ពុជា ដែលជាសម្ព័ន្ធមិត្តដែកថែប។
ដោយឡែក ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទី ០៦ ដែលលោក វ៉ាង មកកាន់ប្រទេសម៉ាឡេស៊ី លោកនឹងជួបជជែកជាមួយនាយករដ្ឋមន្ត្រី Anwar Ibrahim ហើយនឹងជជែកគ្នាឲ្យកាន់តែស៊ីជម្រៅ ពីទំនាក់ទំនងទ្វេភាគី ទាំងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍ប្រទេសទាំង ២។
សូមជម្រាបបន្ថែមថា បន្ទាប់ពីបញ្ចប់ភារកិច្ចនៅប្រទេសម៉ាឡេស៊ីរួចរាល់ មិត្តជិតស្និទ្ធរបស់កម្ពុជារូបនេះ នឹងធ្វើដំណើរមកកាន់កម្ពុជាភ្លាមៗ ហើយនឹងបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេស ៣ ក្នុងតំបន់អាស៊ានត្រឹមថ្ងៃទី ១៣ ខែសីហានេះតែម្ដង៕