យោងតាមប្រព័ន្ធផ្សាយរដ្ឋចិន China News Service បានរាយការណ៍មកថា ខេត្ត Hebei ដែលស្ថិតនៅភាគខាងជើងរបស់ប្រទេសចិន អាចនឹងត្រូវចំណាយពេលដល់ទៅ ២ ឆ្នាំ ដើម្បីអនុវត្តគម្រោងកសាងឡើងវិញ បន្ទាប់ពីរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ។
ខេត្ត Hebei បានជួបប្រទះនូវគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត មិនធ្លាប់មាន កាលពីដើមខែនេះ បន្ទាប់ពីរងឥទ្ធិពលដោយសារតែព្យុះទីហ្វុង Doksuri ដែលបានវាយលុកនៅតំបន់ភាគខាងជើងប្រទេសចិន ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៩ នាក់ បាត់បង់ជីវិត និងខាតបង់ថវិកាសរុបអស់ ៩៥,៨ពាន់លានយ៉ន់ (១៣,៣ពាន់លានដុល្លារ) ផងដែរ ។
យ៉ាងណាមិញ មន្ត្រីខេត្តនេះ បាននិយាយថា ស្ទើតែ ៥% នៃអ្នកស្រុកចំនួន ៧៤,២ លាននាក់ នៅ Hebei ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ ជាមួយនឹងផ្ទះជាង ៤០ ០០០ ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ខណ: ១៥៥ ០០០ ខ្នងផ្សេងទៀត បានរងការខូតខាតយ៉ាងធ្ងន់ធ្ងរ។
ជុំវិញបញ្ហានេះ បើតាមទូរទស្សន៍កណ្តាលចិន CCTV បាននិយាយថា រដ្ឋាភិបាល បានត្រៀមថវិកាសរុបចំនួន ៧,៧៤ពាន់លានយ៉ន់ (១,០៧ពាន់លានដុល្លារ) សម្រាប់មូលនិធិសង្គ្រោះបន្ទាន់ លើគ្រោះមហន្តរាយ នៅតំបន់ដែលរងគ្រោះដោយទឹកជំនន់ខ្លាំង រួមទាំងទីក្រុងប៉េកាំង, Tianjin , Hebei , Heilongjiang និង Jilin ផងដែរ ៕