ការប្រកួតគ្នាក្នុងទ្រុងរវាងមហាសេដ្ឋីអាមេរិក ២នាក់គឺ Elon Musk និង Mark Zuckerberg ប្រហែលមិនអាចកើតឡើងឡើយ បន្ទាប់ពីមេធំ Facebook ទម្លាយថា លោកអស់អារម្មណ៍ហើយ ដោយសារ Elon Musk មិនប្រាកដប្រជា ជាមួយរឿងមួយនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន TheSun បានបង្ហាញថា លោក Mark បានបង្ហោះសារមួយ នៅលើបណ្ដាញសង្គម Threads ថា Elon Musk ហាក់យករឿងនេះមកលេងសើច ខណៈលោកចាត់ទុកវាជារឿងមែនទែន ជាមួយគោលបំណងរៃអង្គាសប្រាក់ពីការប្រកួតគ្នានេះ។
“ខ្ញុំបានដាក់សំណើកំណត់ថ្ងៃច្បាស់លាស់ ប៉ុន្តែ Elon បែរជាមិនអើពើ ហើយឆ្លើយរួចខ្លួនថា គាត់ត្រូវធ្វើការវះកាត់ និងសំណូមពរឲ្យប្រកួតគ្នាធម្មតា នៅទីធ្លារក្រោយផ្ទះខ្ញុំវិញ។ បើសិនជា Elon ពិតជាប្រាកដប្រជាមែន គាត់ដឹងច្បាស់ណាស់ថាត្រូវទាក់ទងខ្ញុំតាមវិធីណា”។ នេះបើតាមសម្ដីរបស់ Mark Zuckerberg។

មេធំ Facebook រូបនេះបន្ថែមថា៖ ខ្ញុំគិតថា វាគួរតែដល់ពេលហើយដែលត្រូវបោះបង់គំនិតមួយនេះ ខ្ញុំនឹងផ្ដោតអារម្មណ៍ទៅលើការប្រកួតជាមួយ នឹងមនុស្សដែលចូលចិត្តលេងកីឡាមែនទែនល្អជាង”។
សូមជម្រាបដែរថា ជម្លោះរវាង Elon Musk និង Mark Zuckerberg បានផ្ទុះឡើងកាលពីខែកក្កដា អំឡុងពេលស្ថាបនិក Facebook ដាក់ឲ្យប្រើប្រាស់នូវកម្មវិធី Threads ដែលប្រកួតប្រជែងជាមួយ Twitter ខណៈ Elon Musk មិនទាន់ចេញមុខឆ្លើយតបជាមួយ Mark Zuckerberg ឡើយ៕