ឡាវទំនងជាអាចទទួលបានប្រាក់កម្ចីចំនួន ១,៨ពាន់លានបាត (៥១លានដុល្លារ) ពីប្រទេសថៃ ដើម្បីអភិវឌ្ឍស្ថានីយរថភ្លើង Khamsavath នៅទីក្រុងវៀងចន្ទន៍ ដែលកៀកជាប់ព្រំដែនប្រទេសទាំងពីរ ក្នុងគោលបំណងជំរុញដល់ពាណិជ្ជកម្ម និងទេសចរណ៍ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Laotian Times ។
ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជិតខាង (NEDA) របស់ថៃ លោក Peerames Vudthitornetiraks បាននិយាយថា ស្ថាប័នរបស់ខ្លួនបច្ចុប្បន្ន គ្រោងនឹងស្នើសុំការយល់ព្រមពីគណ:រដ្ឋមន្ត្រី ដើម្បីផ្តល់ប្រាក់កម្ចីចំនួន ១,៨ពាន់លានបាត ដល់ឡាវ ដើម្បីយកមកប្រើប្រាស់សម្រាប់អភិវឌ្ឍតំបន់ពាណិជ្ជកម្ម នៅស្ថានីយ Khamsavath ។
ស្ថានីយ Khamsavath គឺជាផ្នែកមួយនៃគម្រោងផ្លូវរថភ្លើងឡាវ-ថៃ ដែលតភ្ជាប់រវាងខេត្ត Nong Khai របស់ថៃ ទៅកាន់រដ្ឋធានីវៀងចន្ទន៍។ ហើយបើតាមសារព័ត៌មាន Nation Thailand បានរាយាករណ៍ថា ដំណាក់កាលដំបូង ដែលតភ្ជាប់ពីស្ថានីយ Nong Khai ទៅកាន់ Thanaleng ត្រូវបានបញ្ចប់រួចរាល់ហើយ ខណ:ផ្នែកបន្ទាប់ កំពុងរង់ចាំការត្រួតពិនិត្យពីប្រទេសទាំងពីរ។
លោក Peerames បានមានប្រសាសន៍ថា គម្រោងផ្លូវដែកនេះ គឺស្របទៅតាមយុទ្ធសាស្រ្តអភិវឌ្ឍផ្លូវដែកជាតិរបស់ឡាវ ហើយវានឹងអាចជំរុញដល់ពាណិជ្ជកម្មឆ្លងព្រំដែន និងទេសចរណ៍ រវាងប្រទេសថៃ ឡាវ និងខេត្តភាគខាងត្បូងរបស់ប្រទេសចិន ផងដែរ ។
ជម្រាបជូនផងដែរថា ប្រសិនបើប្រាក់កម្ចីនេះ ត្រូវបានអនុម័ត នោះជំនួយហិរញ្ញវត្ថុសរុបពីថៃ ដល់ឡាវ នឹងកើនឡើងដល់ ១៥,៣២ពាន់លានបាត ឬស្មើទៅនឹង ៧០% នៃថវិកាទាំងមូល ដែល NEDA បានស្នើសុំ ដើម្បីជួយដល់ប្រទេសជិតខាង ៕