ឥណ្ឌូនេស៊ី កំពុងស្វែងរកភាពជាដៃគូជាមួយថៃ ដើម្បីជំរុញតម្លៃកៅស៊ូឡើងវិញ

អន្តរជាតិ

ឥណ្ឌូនេស៊ី កំពុងព្យាយាមស្វែងរកភាពជាដៃគូជាមួយប្រទេសថៃ ចំពេលខ្លួនកំពុងប្រឈមមុខជាមួយនឹងបញ្ហាតម្លៃកៅស៊ូធ្លាក់ចុះខ្លាំង រួមទាំងផលប៉ះពាល់ដោយសារតែច្បាប់ប្រឆាំងទៅនឹងការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Zulkifli Hasan បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជួបជាមួយប្រធានសភាថៃ លោក Wan Muhamad Noor Matha ថា ថៃ និងឥណ្ឌូនេស៊ី គឺជាប្រទេសផលិតកៅស៊ូធំបំផុតទាំងពីររបស់ពិភពលោក ហើយកំពុងប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នា។

លោក Zulkifli បានបន្តទៀតថា តម្លៃកៅស៊ូ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែវាជាប្រភេទទំនិញ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃការកាប់បំផ្លាញព្រៃឈើ របស់សហភាពអឺរ៉ុប (EUDR) ហើយជំងឺជ្រុះស្លឹកកៅស៊ូ ក៏បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម ផងដែរ។

ចំពោះការធ្លាក់ចុះតម្លៃនេះ អាចនឹងជំរុញឱ្យកសិករដាំដំណាំកៅស៊ូ អាចនឹងងាករកទៅរកដំណាំផ្សេងទៀត ដែលវានឹងបណ្តាលឱ្យការផ្គត់ផ្គង់កៅស៊ូធម្មជាតិ កាន់តែស្តួចស្តើងនាពេលអនាគត។ នេះបើតាមសម្តីរបស់លោក Zulkifli ។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី បានអំពាវនាវឱ្យមានកិច្ចសហការួមគ្នា រវាងសមាជិកក្រុមប្រឹក្សាកៅស៊ូ ត្រីភាគីអន្តរជាតិ (ITRC) ដែលរួមមានប្រទេសថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ស្របពេល ITRC ក៏នឹងធ្វើការជាមួយនឹងក្រុមហ៊ុននាំចេញកៅស៊ូផ្សេងទៀត រួមទាំងវៀតណាម និងហ្វីលីពីន ផងដែរ ដើម្បីបង្កើនតម្លៃឡើងវិញ៕