ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសទៅកាន់អតិថិជនរបស់ខ្លួន ដើម្បីប្រមូលរថយន្តម៉ូឌែល Tundra និងប្រភេទម៉ូឌែល Tundra Hybrid មកវិញ ក្នុងគោលបំណងផ្លាស់ប្តូរគ្រឿងបន្លាស់ជាថ្មី ខណៈសារនេះគឺជាការប្រមូលរថយន្តច្រើនបំផុត ក្នុងរយៈពេល ៨ខែមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN នាថ្ងៃទី ១២ ខែសីហាកន្លងទៅ។

ការប្រកាសនេះបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ដោយក្រុមហ៊ុនលើកឡើងថា រថយន្តចំនួន ១៦៨ ០០០គ្រឿង នៅក្នុងទឹកដីសហរដ្ឋអាមេរិក ត្រូវបានបំពាក់បំពង់បង្ហូរប្រេង ប្រភេទជ័រប្លាស្ទិក ដែលវាអាចប៉ះទង្គិចនឹងខ្សែហ្រ្វាំង បង្កជាការលេចធ្លាយប្រេង ហើយអាចបណ្ដាលជាអគ្គិភ័យ អំឡុងពេលរថយន្តកំពុងបញ្ឆេះថែមទៀតផង។
ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនក៏បានបញ្ជាក់បន្ថែមទៀតថា ការប្រមូលរថយន្តមកវិញនេះ គឺដើម្បីធ្វើការផ្លាស់ប្តូរបំពង់ប្រេងជ័រនោះចេញ ដោយប្តូរមកដំឡើងសម្ភារៈការពារជាថ្មី ខណៈ Toyota បានបញ្ជាក់ច្បាស់ផងថា មិនមានគិតថ្លៃសេវា ឬថ្លៃគ្រឿងបន្លាស់ពីអតិថិជនឡើយ។
សូមជម្រាបថា នេះជាលើកទីប្រាំពីរហើយ ក្នុងការប្រមូលរថយន្តម៉ូឌែល Tundra សេរីឆ្នាំ ២០២២ ឬ ២០២៣ចូលមកត្រួតពិនិត្យក្នុងរោងចក្រវិញ ខណៈដែលកាលពីលើកមុនៗ រថយន្តទាំងនោះមានបញ្ហាជាច្រើនរួមមាន បញ្ហាប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច បញ្ហាលើ Software និងបញ្ហាកាមេរ៉ាក្រោយរបស់រថយន្តជាដើម៕