មហាសេដ្ឋីចិន Jack Ma បានទម្លាយប្រាប់ទៅកាន់សារព័ត៌មាន Bloomberg នៅក្នុងកិច្ចសម្ភាសន៍មួយថា បើសិនជា Amazon គឺជាផ្លែប៉ោមមួយផ្លែ នោះលោកនឹងប្រែក្លាយក្រុមហ៊ុន Alibaba ជាដើមប៉ោមមួយដើម។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Techinasia។

អតីតអ្នកមានដាច់គេនៅចិនរូបនេះបន្ថែមទៀតថា ក្រុមហ៊ុនណាក៏ដោយ ក៏អាចមានលទ្ធភាពវិវត្តខ្លួន ទៅជាអាជីវកម្មអេឡិចត្រូនិកបានដែរ ដូច្នេះលោកគិតថា Amazon នឹងមិនមានការប្រកួតប្រជែង ជាមួយ Alibaba ឡើយ។
បញ្ជាក់ដែរថា Amazon ភាគច្រើនគឺលក់ផលិតផលចេញពីរោងចក្ររបស់ពួកគេ បន្ទាប់ពីទិញពីអាជីវករផ្សេងៗ ស្របពេលដែល Alibaba គឺដើរតួជាឈ្មួញកណ្ដាលដែលផ្សារភ្ជាប់រវាងអ្នកលក់ និងអ្នកទិញ។
ចំណុចខុសគ្នាមួយទៀតរវាងក្រុមហ៊ុនទាំង២ នេះគឺ Amazon គិតកម្រៃជើងសារពីគ្រប់ផលិតផលដែលលក់ចេញ ខណៈ Taobao របស់ Alibaba គឺមិនគិតកម្រៃជើងសារពីអ្នកលក់ឡើយ ដោយជំនួសមកវិញ គឺរកចំណូលពីការផ្សាយពាណិជ្ជកម្ម៕