នាថ្ងៃទី ១៥ ខែសីហានេះ ប្រធានាធិបតីកូរ៉ខាងត្បូងលោក Yoon Suk Yeol បានទទួលដំណឹងរន្ធត់មួយគឺ ឪពុកបង្កើតលោក Yoon Ki-joong បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ៩២ឆ្នាំ នៅមន្ទីរពេទ្យ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ឪពុកប្រធានាធិបតីកូរ៉ខាងត្បូង ធ្លាប់ជាសេដ្ឋកិច្ចវិទូដ៏ល្បីឈ្មោះមួយរូប ប៉ុន្តែលោកបានចូលសម្រាកនៅមន្ទីរពេទ្យយូរហើយ ខណៈស្ថានភាពជំងឺមិនត្រូវបានបង្ហើបឲ្យដឹងជាសាធារណៈឡើយ។
សូមជម្រាបដែរថា ពិធីបុណ្យសពរបស់លោក នឹងត្រូវធ្វើឡើងក្នុងលក្ខណៈគ្រួសារប៉ុណ្ណោះ ដោយមានន័យថា បុណ្យសពរបស់ឪពុកប្រធានាធិបតីកូរ៉េខាងត្បូង នឹងមិនប៉ះពាល់ដល់កិច្ចការងាររដ្ឋនោះឡើយ។
បញ្ជាក់បន្ថែមថា ក្នុងទំនៀមទម្លាប់នៃប្រទេសកូរ៉េខាងត្បូង កូនប្រុសច្បងប្រចាំគ្រួសារ ត្រូវធ្វើការកាន់ទុក្ខរយៈពេល ៣ថ្ងៃ ឬយូរជាងនេះ បើសិនជាមានសមាជិកគ្រួសារស្លាប់ ប៉ុន្តែលោក Yoon ទំនងមិនអាចធ្វើតាមប្រពៃណីឡើយ ពោលលោកត្រូវចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយអាមេរិក និងជប៉ុន នៅក្នុងរដ្ឋ Maryland នាថ្ងៃព្រហស្បតិ៍ខាងមុខ៕