ប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចនៅចិនមានកំណើនយឺតខ្លាំង ពោលមានការរាតត្បាតជំងឺកូវីដ១៩ ផង និងវិបត្តិក្នុងវិស័យអចលនទ្រព្យផង ហើយថ្មីៗនេះកំណើនសេដ្ឋកិច្ចនៅមហាអំណាចអាស៊ី នៅតែអាចប្រឈមហានិភ័យ ដោយសារវិស័យអចលនទ្រព្យក្នុងស្រុក កំពុងស្ថិតក្នុងសភាពយ៉ាប់យ៉ឺននៅឡើយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ក្នុងរយៈពេល ៧ខែមកនេះ មានការធ្លាក់ចុះ ៨,៥% ស្របពេលការលក់ធ្លាក់ ៦,៥% បើធៀបនឹងឆ្នាំទៅ។
បន្ថែមពីនោះ គម្រោងសាងសង់ថ្មីៗ ក៏ថយចុះប្រមាណ ២៤,៥% ខណៈមូលនិធិទទួលបានពីក្រុមហ៊ុនអចលនទ្រព្យចិន ក៏ធ្លាក់ចុះប្រហែល ១១,២% ផងដែរ សម្រាប់រយៈពេល ៧ខែដំបូងនៃឆ្នាំនេះ។
សូមជម្រាបដែរថា វិបត្តិបំណុលនៅក្នុងវិស័យអចលនទ្រព្យប្រទេសចិន បានធ្វើឲ្យកំណើនសេដ្ឋកិច្ច នៃមហាអំណាចអាស៊ី ស្ថិតក្នុងសភាពជាប់គាំង ហើយបើទោះជាថ្មីៗនេះ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំទ្រឡើងវិញ ប៉ុន្តែវាអាចចំណាយពេលយូរបន្តិច ទើបស្ថានការណ៍អាចប្រសើរឡើងខ្លះ៕