យោងតាមទិន្នន័យ ដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍទីក្រុង (URA) បានបង្ហាញថា ការលក់ផ្ទះឯកជនថ្មីៗ នៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងខ្លាំង នៅក្នុងខែកក្កដា កន្លងទៅ ពោលគឺបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ មក។
ដោយមិនរាប់បញ្ចូលទាំងខុនដូ ការលក់ផ្ទះឯកជនក្នុងប្រទេសសិង្ហបុរី បានកើនឡើងដល់ចំនួន ១ ៤១២ យូនីត ពោលគឺបានកើនឡើងយ៉ាងខ្លាំង ពីចំនួនដែលលក់បានត្រឹម ២៧៨ យូនីត នៅក្នុងខែមិថុនា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
អ្នកវិភាគបាននិយាយថា កើនឡើងយ៉ាងគំហុកនេះ គឺត្រូវបានជំរុញជាពិសេសដោយការបើកដំណើរការគម្រោងធំៗចំនួន ៤ ដូចជា Grand Dunman, Lentor Hills Residences, Pinetree Hill និង The Myst ។
លោក Lee Sze Teck នាយកជាន់ខ្ពស់នៃក្រុមហ៊ុន Huttons Asia បាននិយាយថា ៖” គម្រោងធំៗទាំងបួន ដែលបានបើកដំណើរការ ក្នុងខែកក្កដា គឺមានចំនួន ៨២,១% នៃការលក់ផ្ទះឯកជន់សរុប នៅក្នុងខែកក្កដាទាំងមូល ” ។
ដោយឡែក អនុប្រធានជាន់ខ្ពស់របស់ក្រមហ៊ុន OrangeTee & Tie លោកស្រី Christine Sun បាននិយាយថា ៖ ” ការលក់ផ្ទះឯកជនថ្មីៗ មាននិន្នាការប្រែប្រួល ពោលគឺបានប្រែប្រួលទៅតាមចំនួនគម្រោងថ្មីៗ ដែលបានចាប់ផ្តើមបើកដំណើរការដាក់លក់ ក្នុងរយ:ពេលមួយខែ ” ៕