កាលពីថ្ងៃចន្ទទី ១៤ ខែសីហា ឥណ្ឌូនេស៊ី បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Tesla គ្រោងនឹងមកបោះទុនវិនិយោគ លើការផលិតសម្ភារ:សម្រាប់អាគុយរថយន្តអគ្គិសនី នៅក្នុងប្រទេសរបស់ខ្លួន ហើយនឹងធ្វើការប្រកាសជាផ្លូវការ ក្នុងប៉ុន្មានខែខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ប្រទេសឥណ្ឌូនេស៊ី បាននិងកំពុងទាក់ទាញក្រុមហ៊ុន Tesla អស់រយ:ពេលជាច្រើនឆ្នាំមកហើយ ក្នុងការវិនិយោគលើការផលិតអាគុយ និងផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសរបស់ខ្លួន ជាមួយនឹងការព្យាយាមទាញយកធនធានរ៉ែនីកែលដ៏សម្បូរបែបរបស់ខ្លួន ដែលអាចកែច្នៃសម្រាប់ប្រើប្រាស់ក្នុងអាគុយ រថយន្តអគ្គិសនី។
ទេសរដ្ឋមន្ត្រី លោក Luhut Pandjaitan បានបង្ហោះសារមួយលើគណនី Instragram ដោយបានបញ្ជាក់ពីអ្វីដែលនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានប្រាប់អំពីផែនការក្នុងការវិនិយោគនេះថា ៖ “គាត់ចង់វិនិយោគ លើកការផលិតសម្ភារ:សម្រាប់អាគុយលីចូម។ ហើយការវិនិយោគនេះ គឺមានទំហំធំខ្លាំងណាស់។ ដូច្នេះ ចូររង់ចាំឱ្យលោក Musk មកឥណ្ឌូនេស៊ីសិន អាចនៅចុងខែកញ្ញា ឬខែតុលា ឆ្នាំនេះ ” ។
បន្ថែមពីនេះ លោក Luhut បានបញ្ជាក់ទៀតថា លោក Musk ក៏អាចនឹងនាំយកប្រព័ន្ធអ៊ីនធឺណិត ទៅកាន់តំបន់ដាច់ស្រយាលមួយចំនួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី ផងដែរ ជាមួយនឹងក្រុមហ៊ុន Starlink របស់លោក ដែលជាសេវាផ្តល់អ៊ីនធឺណិត តាមរយ:ផ្កាយរណប ៕