តាមរយៈបណ្តាញសារព័ត៌មាន BBC បានចុះផ្សាយថា នៅត្រីមាសទី២ នៃឆ្នាំ ២០២៣ កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជប៉ុនហាក់មានការកើនឡើងជាងការរំពឹងទុក ដោយកើនឡើងប្រមាណ ៦%ប្រចាំឆ្នាំ។

ក្នុងនោះដែរ ដោយសារតែរដ្ឋាភិបាល បានលុបចោលនូវការរឹតបន្តឹងព្រំដែនកាលពីចុងខែមេសាកន្លងទៅ បានជួយអោយសេដ្ឋកិច្ចខ្លួនមានការកើនឡើងមួយកម្រិតវិញផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ប៉ុន្មានខែថ្មីៗនេះប្រាក់ចំណេញពីក្រុមហ៊ុនផលិតរថយន្ត Toyota ក៏ដូចជា Honda និង Nissanផងនោះ ក៏ជាការរួមចំណែកជំរុញសេដ្ឋកិច្ចនៃការនាំចេញបានមួយផ្នែកផងដែរ។
ផ្ទុយទៅវិញ រូបិយប័ណ្ណរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំទីបីរបស់ពិភពលោកមួយនេះ បានធ្លាក់ចុះយ៉ាងខ្លាំងបើធៀបទៅនឹងរូបិយប័ណ្ណសំខាន់ៗមួយចំនួនក្នុងរយៈពេលប៉ុន្មានខែថ្មីៗមកនេះ ចំពេលដែលធ្លាក់ចុះច្រើនជាង ១០%ធៀបទៅនឹងប្រាក់ដុល្លារអាមេរិកនៅឆ្នាំនេះ។
ការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េននេះ គឺជាឱកាសដល់អ្នកនាំចេញ នេះក៏ដោយសារតែទំនិញរបស់ជប៉ុនមានតម្លៃថោក ដែលងាយស្រួលក្នុងការចែកចាយទៅដល់អ្នកប្រើប្រាស់ជុំវិញពិភពលោក៕