មហាសេដ្ឋី Pavel Durov ស្ថាបនិក និងជា CEO នៃក្រុមហ៊ុន Telegram កំពុងសំងំរស់នៅទីក្រុងឌូបៃ ដោយបានជួលវីឡាទំនើប មានបន្ទប់គេងចំនួន ៥ ខណៈតម្លៃជួលវិញគឺប្រហែល ១លានដុល្លារក្នុងមួយឆ្នាំ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Luxurylaunches បានបង្ហាញថា មហាសេដ្ឋីដើមកំណើតរុស្ស៊ីម្នាក់នេះ បានបង្ហោះរូបនៅលើបណ្ដាញសង្គម Instagram នៅលើកោះសិប្បនិមិត្ត Jumeirah ដែលជាកន្លែងប្រមូលផ្ដុំអភិជន បន្ទាប់ពីខកខានបង្ហោះរូបភាពរយៈពេល ៣ឆ្នាំ។
ប្រភពដដែលបន្ថែមថា វីឡាដែលស្ថាបនិក Telegram កំពុងរស់នៅគឺ ប្រណិតខ្លាំងមែនទែន ដោយមានទាំងអាងហែលទឹកឯកជន សួនច្បារ កន្លែងហាត់ប្រាណ ហើយកាន់តែពិសេសនោះគឺ នៅជាន់ដែលលោករស់នៅ គឺអាចទស្សនាពីទស្សនីយភាពទាំងមូលនៃកោះ Jumeirah បាន។
សូមជម្រាបដែរថា លោក Durov បានមករស់នៅទីក្រុងអ្នកមានមួយនេះ តាំងពីឆ្នាំ ២០១៧ និងបានផ្លាស់ប្ដូរប្រតិបត្តិការរបស់ Telegram ទាំងមូលមកទីនេះ បន្ទាប់ពីមើលឃើញថា ឌូបៃគឺជាទីក្រុងផ្ដល់ឱកាសច្រើន ទៅលើវិស័យបច្ចេកវិទ្យា៕