នាយករដ្ឋមន្ត្រីសិង្ហបុរី៖ ការគិតថាទុនបម្រុងជាតិមានមិនខ្វះ គឺជាការយល់ខុសខ្លាំងបំផុត

អន្តរជាតិ

កាលពីថ្ងៃទី ១៦ ខែសីហាកន្លងទៅ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បាននិយាយ​ថា សិង្ហបុរីមានទុនបម្រុងសម្រាប់កាលៈទេសៈមួយចំនួន ប៉ុន្តែបើគិតថា ទុនបម្រុងទាំងនោះ​មានមិនខ្វះ សម្រាប់គ្រប់ស្ថានការណ៍ គឺជាការយល់ខុសខ្លាំងបំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Lee កំពុងព្យាយាមបង្កើនទុនបម្រុងជាតិឲ្យបានកាន់តែច្រើនកាន់តែប្រសើរ បន្ទាប់ពី​មាន​ការ​ព្រួយបារម្ភថា វាអាចនឹងមានការខ្វះខាតនាថ្ងៃណាមួយ ក្រោយតម្រូវការចំណាយរបស់ប្រទេស មានច្រើនជាងចំណូលដែលទទួលបានសព្វថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

នាយករដ្ឋមន្ត្រីសិង្ហបុរីរូបនេះ បានចាត់ទុកទុនបម្រុងជាតិ ជាប្រភពនៃការធានា និងជាមធ្យោបាយ​ចុងក្រោយ សម្រាប់ដោះទាល់មួយគ្រា បើសិនជា​សិង្ហបុរីជួបបញ្ហា​បន្ទាន់អ្វីមួយ មិនអាចត្រៀមទុកមុន ដូចជាការឆ្លងជំងឺរាតត្បាតកូវីដ ១៩កន្លងទៅ។

ថ្នាក់ដឹកនាំវ័យ ៧១ឆ្នាំ ប្រាប់នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNA ថា៖ មុនពេលមានវិបត្តិហិរញ្ញវត្ថុសកល (ឆ្នាំ ២០០៨) ពួកយើងមិនគិតថា នឹងត្រូវត្រៀមខ្លួនអ្វីឡើយ ប៉ុន្តែពេលវាកើតឡើង យើងស្រាប់តែត្រូវការ ៤ ទៅ ៥ពាន់លានដុល្លារសាំងហ្គាពួរ ដើម្បីទប់ទល់សេដ្ឋកិច្ចក្នុងស្រុក។ ពេលមានជំងឺរាតត្បាត​កូវីដ ១៩ យើងត្រូវការទឹកប្រាក់ច្រើនជាង ៤០ពាន់លានដុល្លារសាំងហ្គាពួរ ដូច្នេះបើសិនជា​សួរខ្ញុំថា តើត្រូវការលុយប៉ុន្មានដើម្បីគ្រប់គ្រាន់សម្រាប់ជាទុនបម្រុងជាតិ? ខ្ញុំមិនអាចឆ្លើយរួចឡើយ។

ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីនៃប្រទេសកូនខ្លាសេដ្ឋកិច្ចអាស៊ី ក៏បានសំណូមពរ​ឲ្យ​អ្នកនយោបាយជំនាន់ថ្មី បង្កើនការប្រុងប្រយ័ត្នជាមួយបញ្ហានេះ និងព្យាយាម​រកដំណោះស្រាយ ក៏ដូចជាវិធីសាស្ត្រ ក្នុងការរក្សាលំនឹង និងបង្កើនកំណើនសេដ្ឋកិច្ចសិង្ហបុរីឲ្យកាន់តែខ្លាំងជាងមុន៕