កាលពីថ្ងៃទី ១៥ ខែសីហាកន្លងទៅ គណបក្សទទួលបានសម្លេងគាំទ្រច្រើនបំផុត សម្រាប់ការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ខែឧសភា គឺគណបក្សឆ្ពោះទៅមុខ (MFP) បានប្រកាសច្បាស់ៗថា ពួកគេនឹងមិនគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី លោក Srettha Thavisin ដែលតំណាងឲ្យគណបក្សភឿថៃឡើយ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkokpost។

សេចក្ដីប្រកាសមួយនេះធ្វើឡើង ក្រោយមេបក្ស ភីថា លីមចារើនរ៉ាត់ បរាជ័យច្រើនសារ ក្នុងការក្លាយជានាយករដ្ឋមន្ត្រីថៃ បើទោះជាមានការបង្កើតគណបក្សចម្រុះ ប៉ុន្តែក្រោយមកគណបក្សឆ្ពោះទៅមុខ ក៏បានប្រកាសចែកផ្លូវគ្នាជាមួយគណបក្សភឿថៃ។

សេចក្ដីសម្រេចរបស់គណបក្សឆ្ពោះទៅមុខ អាចធ្វើឲ្យគណបក្សភឿថៃបញ្ហារាំងស្ទះ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែមេបក្សភឿថៃមួយរូបគឺ លោកបណ្ឌិត Cholnan Srikaew បានអះអាងថា ការសម្រេចចិត្តរបស់គណបក្សឆ្ពោះទៅមុខ មិនមែនជារឿងភ្ញាក់ផ្អើលឡើយ ហើយគណបក្សរបស់លោកក៏គោរពតាមការយល់ឃើញរបស់ពួកគេដូចគ្នា។

សូមជម្រាបដែរថា បន្ទាប់ពីបរាជ័យក្នុងការឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃម្ដងទៀត លោក ភីថា លីមចារើនរ៉ាត់ ក៏សម្រេចរំសាយគណបក្សចម្រុះ ហើយគណបក្សភឿថៃ ក៏ប្រកាសបង្កើតគណបក្សចម្រុះថ្មី ដោយចាត់តាំងអ្នកជំនួញថៃ Srettha Thavisin ជាបេក្ខភាពនាយករដ្ឋមន្ត្រី។
ទន្ទឹមនឹងនោះក៏មានប្រភពផ្សេងៗរាយការណ៍ថា គណបក្សភឿថៃកំពុងព្យាយាមស្វែងរកការគាំទ្រពីគណបក្សគាំទ្រដោយយោធាថៃគឺ គណបក្ស Pralang Pracharath ដឹកនាំដោយឧត្តមសេនីយ Prawit Wongsuwon និងគណបក្សថៃរួបរួមជាតិផងដែរ៕